មូលហេតុដែលធ្វើឲ្យអាមេរិកក្លាយជាមហាអំណាចអាវុធនុយក្លេអ៊ែរ តើអ្នកណាជាអ្នកសរសេរនិងផ្តួចផ្តើមផលិតអាវុធមួយនេះ ?

(ពិភពលោក)៖ ក្នុងសតវត្សរ៍ទី២០ បដិវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចាប់ផ្តើមផ្ទុះឡើងកាន់តែខ្លាំង។ ទន្ទឹមនឹងការច្នៃបង្កើតសម្ភារៈបច្ចេកវិទ្យាផ្សេងៗដែលសម្រួលដល់ការរស់នៅ ភាពរីកចម្រើនផ្នែកវិទ្យាសាស្ត្រក៏ជាចំណែកបង្កជាផលអវិជ្ជមាន សងត្រឡប់មកវិញផងដែរ។ ជាក់ស្តែងអាវុធនុយក្លេអ៊ែរជាឧទាហរណ៍ស្រាប់ ដែលវាអាចបង្កវិនាសកម្មដល់មនុស្សរហូត មិនអាចគណនាបាន។ សំណួរថាតើអ្នកណាជាអ្នកផ្តួចផ្តើមគំនិតក្នុងការផលិតអាវុធនុយក្លេអ៊ែរនេះឡើង ត្រូវបានចាត់ទុកជាសំណួរដែលពិបាកស្វែងរកចម្លើយបំផុត ដោយពឹងផ្អែកទៅលើប្រវត្តិដ៏ស្មុគស្មាញនៃការកកើតអាវុធនេះ។

លោក Albert Einstein រូបវិទូដ៏ល្បីល្បាញម្នាក់ ត្រូវបានគេចាត់ទុកជាបិតានៃអាវុធនុយក្លេអ៊ែរ មិនមែនដោយសារលោកផលិតអាវុធនេះនោះទេ ប៉ុន្តែដោយសារការរកឃើញរូបមន្ត ថាមពល (E=mc²)។ ដោយក្នុងនោះ E តាងឱ្យថាមពល ចំណែក m តាងឱ្យម៉ាស់ ហើយ c គឺតាងល្បឿននៃពន្លឺ។ តាមរយៈរូបមន្តនេះធ្វើឱ្យមនុស្សដឹងថា ថាមពលជាលទ្ធផលដែលកើតចេញពីផលគុណរវាងម៉ាស់ និងការ៉េនៃល្បឿនពន្លឺ ហើយក៏ជាគន្លឹះសម្រាប់មនុស្សឈានទៅរកការផលិតអាវុធដ៏មានថាមពលខ្លាំងមហិមាផងដែរ ដែលត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើម៉ាស់ ប៉ុន្តែពឹងផ្អែកបន្ទាប់សន្សំទៅលើល្បឿននៃពន្លឺ ដោយសារវាជាតម្លៃថេរមិនប្រែប្រួល។

លោក Albert Einstein និងមិត្តភក្តិម្នាក់ឈ្មោះ Leo Szilard សុទ្ធតែជាអ្នកវិទ្យាសាស្ត្រ ដែលបានភៀសខ្លួនចេញពីអឺរ៉ុប ដើម្បីគេចចេញពីរបបណាស៊ី ព្រមទាំងបានពាំនាំមកជាមួយនូវក្តីបារម្ភមួយ បន្ទាប់ពីដឹងថា លោក ហ៊ីត្លែ កំពុងត្រៀមរៀបចំផលិតអាវុធប្រល័យលោក។ ដោយបារម្ភខ្លាចមេដឹកនាំអាឡឺម៉ង់រូបនេះ ផលិតអាវុធប្រល័យលោកបានមុនគេ ហើយវាយប្រហារគូរសត្រូវ និងគ្រប់គ្រងពិភពលោកទាំងមូលនោះ អ្នកវិទ្យាសាស្ត្រទាំងពីររូបក៏សម្រេចចិត្តផ្ញើលិខិតទៅប្រធានាធិបតីអាមេរិកលោក Franklin D.Roosevelt ក្នុងខែតុលា ឆ្នាំ១៩៣៩ គឺបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ទើបតែផ្ទុះឡើងក្នុងទ្វីបអឺរ៉ុប។

ដើម្បីបញ្ចៀសសុបិន្តអាក្រក់ លោក Albert Einstein និងមិត្តភក្តិម្នាក់ឈ្មោះ Leo Szilard បានស្នើរដ្ឋាភិបាលអាមេរិកចូលរួមក្នុងការស្វែងយល់អំពីទ្រឹស្តីរបស់លោក ទាក់ទងនឹងប្រតិកម្មនុយក្លេអ៊ែរ ដែលអាចបង្កើតជាគ្រាប់បែកប្រល័យលោក។

លោក Roosevelt ក៏សម្រេចចិត្តយល់ព្រម ហើយត្រឹមរយៈពេលបួនឆ្នាំកន្លះ ក្រោមគម្រោងមួយដែលមានឈ្មោះថា Manhattan Project កម្មករជាង ២០០ពាន់នាក់ វិស្វករនិងអ្នកវិទ្យាសាស្ត្ររាប់ពាន់នាក់ ដែលភាគច្រើនជាជនជាតិអឺរ៉ុប បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងគម្រោងផលិតអាវុធនេះ ប៉ុន្តែក្នុងពេលនោះគ្មានវត្ថមានលោក Albert Einstein នោះទេ ដោយលោកគ្រាន់តែជាអ្នកផ្តួចផ្តើមគំនិតប៉ុណ្ណោះ។ នៅទីបំផុតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៤៥ គ្រាប់បែកអាតូមិក ត្រូវបានបាញ់សាកល្បងជាលើកដំបូងក្នុងតំបន់ឆ្នេរខ្សាច់រដ្ឋ ញ៉ូវមិចស៊ិចកូ សហរដ្ឋអាមេរិក។

កម្រិតថាមពលនៃគ្រាប់បែកនេះ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់មនុស្សគ្រប់គ្នា សូម្បីអ្នកដែលចូលរួមផលិតអាវុធនេះផ្ទាល់ក៏មិនបាននឹកស្មានដល់ថា វាមានថាមពលខ្លាំងក្លាបែបនេះដែរ។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះ អ្នកវិទ្យាសាស្ត្រមួយចំនួនដែលជាអ្នកចូលរួមផ្តួចផ្តើមផលិតអាវុធនេះឡើង មានភាពសោកស្តាយជាខ្លាំង បន្ទាប់ពីបានឃើញដោយផ្ទាល់ពី ថាមពលដ៏មហិមានៃអាវុធនេះ ជាពិសេសបន្ទាប់ពីការទម្លាក់គ្រាប់បែកនៅហ៊ីរូស៊ីម៉ា និងណាកាសាគី នៃប្រទេសជប៉ុន។ ជាក់ស្តែងលោក Albert Einstein ផ្ទាល់ ថែមទាំងបានផ្តួចផ្តើមគំនិតថ្មីមួយ ក្នុងការបង្កើតវិធានការណ៍ដើម្បីទប់ស្កាត់ការរីកសាយភាពនុយក្លេអ៊ែរនេះ។

ពាក្យសំដីចុងក្រោយបង្កប់ដោយអត្ថន័យរបស់លោកបានលើកឡើងថា «ខ្ញុំមិនដឹងថា តើសង្រ្គាមលោកលើកទី៣ មនុស្សប្រើប្រាស់អាវុធអ្វីដើម្បីច្បាំងគ្នានោះទេ តែនៅក្នុងសង្រ្គាមលោកលើកទី៤ មនុស្សច្បាស់ជាប្រើប្រាស់ដំបង និងដុំថ្មដើម្បីច្បាំងគ្នាវិញម្តង» មានន័យថា ក្នុងសង្គ្រាមលោកលើកទីបី ថាមពលនៃអាវុធនុយក្លេអ៊ែរនឹងបំផ្លាញពិភពលោកទាំងមូល ហេតុនេះប្រសិនមនុស្សកកើតជាថ្មីនឹងវិលទៅភាពដើមវិញ ហើយប្រើប្រាស់ដុំថ្ម និងដំបងជាអាវុធវិញម្តង។

បើទោះបីជាមានការអំពាវនាវយ៉ាងខ្លាំងក្លាបែបណាក្តី ក៏គ្មានមធ្យោបាយអ្វីដើម្បីទប់ស្កាត់នុយក្លេអ៊ែរបានដែរ។ បន្ទាប់ពីការបាញ់ប្រហារជប៉ុន ចំនួនពីរលើករួចមក សហរដ្ឋអាមេរិក សហភាពសូវៀត និងចក្រភពអង់គ្លេស បានប្រជែងគ្នាបង្អួតអំណាចរបស់ខ្លួន តាមរយៈការបាញ់សាកល្បងនុយក្លេអ៊ែរជាច្រើនលើក។ ក្នុងឆ្នាំ១៩៥៤ ប្រធានាធិបតីឥណ្ឌា លោក Jawaharlal Nehru បានទាមទារឱ្យមានការហាមឃាត់ការបាញ់សាកល្បងអាវុធប្រល័យលោកទាំងនេះ។ វាត្រូវបានចាត់ទុកជាការផ្ដួចផ្ដើមគំនិតទ្រង់ទ្រាយធំជាលើកដំបូងក្នុងការហាមឃាត់ការប្រើប្រាស់ បច្ចេកវិទ្យាសម្លាប់មនុស្សទ្រង់ទ្រាយធំបែបនេះ។

ក្នុងឆ្នាំ១៩៥៨ អ្នកវិទ្យាសាស្ត្រចំនួនមួយម៉ឺននាក់ បានដាក់ញ្ញត្តិទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Dag Hammarskjold ដោយថ្លែងថា «យើងគិតថាវាជាការចាំបាច់ ដែលត្រូវចាត់វិធានការជាបន្ទាន់ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យមានកិច្ចព្រមព្រៀងអន្តរជាតិ បញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរទាំងអស់»

យ៉ាងនេះក្តីវានៅតែមិនអាចបញ្ឈប់សកម្មភាពនុយក្លេអ៊ែរបានឡើយ។ ជាក់ស្តែងប្រទេស បារាំង បានបំផ្ទុះនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៦០ ចំណែកប្រទេស ចិន បានចូលរួមក្នុងក្លឹបអាវុធនុយក្លេអ៊ែរ ក្នុងខែតុលា ឆ្នាំ១៩៦៤ ជាពេលដែលខ្លួនបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងផងដែរ។ សហរដ្ឋអាមេរិក និងសហភាពសូវៀត ព្រមទាំងប្រទេសចំនួន៦០ផ្សេងទៀត បានចុះហត្ថលេខាលើសន្ធិសញ្ញាដើម្បីស្វែងរកការបញ្ឈប់ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ និងភាពគ្មានអាវុធនុយក្លេអ៊ែរ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៦៨។

សន្ធិសញ្ញានេះ បានហាមឃាត់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរ មិនត្រូវនាំចេញអាវុធនុយក្លេអ៊ែរទៅរដ្ឋដទៃ និងបានហាមឃាត់រដ្ឋដែលគ្មានអាវុធនុយក្លេអ៊ែរមិនឱ្យអភិវឌ្ឍ ឬទិញអាវុធនុយក្លេអ៊ែរឡើយ។ ប៉ុន្តែវាអនុញ្ញាតឱ្យប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព។ សន្ធិសញ្ញានេះត្រូវបានបានចូលជាធរមានក្នុងឆ្នាំ១៩៧០ ហើយត្រូវបន្លាយពេលនៃការអនុវត្តដោយគ្មានដែនកំណត់ និងគ្មានល័ក្ខខ័ណ្ឌ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩៥។

នៅឆ្នាំ១៩៧៤ ប្រទេសឥណ្ឌា បានបាញ់សាកល្បងនុយក្លេអ៊ែរ ជាលើកដំបូង។ ប្រទេសឥណ្ឌា បានប្រកាសថា វាជាការបាញ់សាកល្បង «ដោយសន្តិភាព» ប៉ុណ្ណោះ ប៉ុន្តែវាមិនខុសអី អំពីការប្រកាសអួតប្រាប់ពិភពលោកថា ខ្លួនក៏មានអ្នកវិទ្យាសាស្ត្រ ដែលអាចផលិតគ្រាប់បែកនុយក្លេអ៊ែរផងដែរ។ នៅក្នុងពេលនោះរដ្ឋដែលប្រកាសថា រដ្ឋនុយក្លេអ៊ែរ មានសហរដ្ឋអាមេរិក អេស្ប៉ាញ ចក្រភពអង់គ្លេស បារាំង និងចិន។

នារដូវស្លឹកឈើជ្រុះឆ្នាំ១៩៩៤ គណៈប្រតិភូអាម៉េរិក និងកូរ៉េខាងជើង បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ ដើម្បីស្វែងរកគោលដៅដោះស្រាយ បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ភាគីកូរ៉េខាងជើង នឹងចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ ជាថ្នូរមកវិញដោយអាម៉េរិកត្រូវឧបត្ថម្ភដល់ ការកសាងរោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានសុវត្ថិភាពក្នុងប្រទេសកូរ៉េខាងជើង ព្រមទាំងធានាមិនគំរាមកំហែង ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារប្រទេសកូរ៉េខាងជើងឡើយ។ មិនតែប៉ុណ្ណោះភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាឆ្ពោះទៅរកទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចប្រសើរជាងមុន។

ក្នុងឆ្នាំបន្តបន្ទាប់ កូរ៉េខាងត្បូង និងជប៉ុន បានវិនិយោគដោយចំណាយប្រាក់រាប់ពាន់លានដុល្លារជួយសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានសុវត្ថិភាពនៅក្នុងប្រទេសកូរ៉េខាងជើង។ ជាអកុសលក្នុងនៅឆ្នាំ២០០៣ ប្រទេស កូរ៉េខាងជើង បានលុបចោលកិច្ចរាល់ព្រមព្រៀងអន្តរជាតិទាំងអស់ ពាក់ព័ន្ធនឹងការមិនរីកសាយអាវុធនុយក្លេអ៊ែរ។

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៥ អង្គការសហប្រជាជាតិ បានហាមឃាត់ជាបន្ទាន់ ទៅលើការបាញ់សាកល្បងនុយក្លេអ៊ែរទាំងអស់ និងបានជំរុញឱ្យមានការដកហូតអាវុធជាមួយនឹងចក្ខុវិស័យ ពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ ក្នុងខែនោះដដែលប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ បានចុះហត្ថលេខាលើសន្ធិសញ្ញា Bangkok ដោយបង្កើតតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ នៅនិទាឃរដូវឆ្នាំ១៩៩៦ ប្រទេសនៅអាហ្វ្រិកទាំង៤៣ប្រទេស បានចុះហត្ថលេខាលើសន្ធិសញ្ញា Pelindaba បង្កើតតំបន់អាហ្វ្រិកគ្មានអាវុធនុយក្លេអ៊ែរដូចគ្នាផងដែរ។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩៨ ប្រទេស ឥណ្ឌា បែរជាបង្កក្តីរន្ធត់ដល់ពិភពលោកទាំងមូល ដោយបានបំផ្ទុះនុយក្លេអ៊ែរចំនួន៣គ្រាប់ ដោយមានកម្លាំងស្មើនឹង៦ដង នៃថាមពលគ្រាប់បែក របស់សហរដ្ឋអាមេរិក ដែលបានទម្លាក់នៅហ៊ីរ៉ូស៊ីម៉ានៅឆ្នាំ១៩៤៥។ នៅថ្ងៃបន្ទាប់ ប្រទេសឥណ្ឌា បានសាកល្បងបំផ្ទុះអាវុធនុយក្លេអ៊ែរពីរគ្រាប់បន្ថែមទៀត។ ជាការឆ្លើយតប ប៉ាគីស្ថាន បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចំនួន៦គ្រាប់ផ្ទួនៗគ្នាវិញម្តង។

ដោយបារម្ភចំពោះបញ្ហានេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរឹងប្រឆាំងនឹងប្រទេសទាំងពីរ ហើយបានបញ្ចុះបញ្ចូលឱ្យធនាគារពិភពលោក ព្រមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ និងបណ្តាប្រទេសផ្សេងទៀតចូលរួមក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេស ឥណ្ឌា និងប៉ាគីស្ថានផងដែរ។ ជាអកុសលការដាក់ទណ្ឌកម្មត្រូវបានលុបបំបាត់វិញនៅឆ្នាំ២០០១ បន្ទាប់ពីសហរដ្ឋអាមេរិកត្រូវការជំនួយពីប៉ាគីស្ថាន និងឥណ្ឌាដើម្បីប្រយុទ្ធប្រឆាំងពួកអាល់កៃដា និងក្រុមភេរវករដទៃទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

នៅក្នុងឆ្នាំ២០០២ ប្រធានាធិបតីអាមេរិក George W. Bush បានដាក់ប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ និងកូរ៉េខាងជើង ថាជាប្រទេសដ៏អាក្រក់ ដោយសារសហរដ្ឋអាមេរិកសង្ស័យថា ប្រទេសទាំងនោះដែលមានផលិតអាវុធប្រល័យលោក។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៦ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដែលមានថាមពលប្រហាក់ប្រហែល នឹងគ្រាប់បែកដែលទម្លាក់នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា ផងដែរ។ កូរ៉េខាងជើងបានប្រកាសប្រាប់ពិភពលោក ដោយតែងតាំងខ្លួនឯងថា ជារដ្ឋនុយក្លេអ៊ែរទី៨ លើពិភពលោក។ កូរ៉េខាងជើងក៏បានប្រកាសក្តែងៗថា គ្រាប់មីស៊ីលនេះចម្ងាយដែលអាចបាញ់ប្រហារប្រទេសកូរ៉េខាងត្បូង ជប៉ុន ក៏ដូចជាទឹកដីសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីផងដែរ។ បច្ចុប្បន្នប្រទេសដែលមានអាវុធប្រល័យលោកនេះរួមមាន៖ សហរដ្ឋអាមេរិក, រុស្ស៊ី, ចិន, បារាំង, អង់គ្លេស, ឥណ្ឌា, ប៉ាគីស្ថាន, និងកូរ៉េខាងជើង។

សូមជម្រាបថា គិតមកទល់ពេលនេះ សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ ដែលត្រូវបានគេស្គាល់ថាមហាអំណាចសេដ្ឋកិច្ច និងជាមហាអំណាចនុយក្លេអ៊ែរធំជាងគេ ដែលមានគ្រាប់មីស៊ីលអាចបាញ់ប្រហាររាល់គោលដៅទាំងអស់នៅលើផ្ទៃផែនដីទាំងមូល។ ប៉ុន្តែទន្ទឹមនឹងនេះដែរ ក៏មាន៣០ប្រទេសផ្សេងទៀត ដែលមានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ដែលមិនអាចចាប់បានដោយប្រព័ន្ធការពារមីស៊ីលឡើយ ព្រមទាំងអាចបាញ់ប្រហារអាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត ឬអាវុធប្រល័យលោកដទៃទៀតផងដែរ ដែលត្រូវបានចាត់ទុកជាក្តីបារម្ភដ៏ធំបំផុតរបស់ពិភពលោក៕ដោយ៖Fresh News

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា

Related Posts

About The Author

Add Comment

error: Content is protected !!