មហាយក្ស​ឥណ្ឌា «កំពុងចរចា​ទិញ មីស៊ីល​កម្ទេច​រថក្រោះចំនួន ៣,០០០គ្រាប់» ពីប្រទេស​​អ៊ីស្រាអែល…

(ញូដេលី)៖ ​រដ្ឋាភិបាល​ឥណ្ឌានឹងបើកកិច្ច​ពិភាក្សាចរចា ជាមួយ​ភាគី​អ៊ីស្រាអែល ដើម្បីទិញយក​​មីស៊ីលប្រដេញ​ប្រឆាំង​រថក្រោះ «Spike» នៅ​ក្នុង​រដ្ឋធានី​​ញូដេលី នាថ្ងៃ​ចន្ទនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាម​សារព័ត៌មាន Hindustan Times ដែលបានស្រង់សម្តីពីមន្រ្តីរដ្ឋាភិបាលឥណ្ឌា លេខាធិការនៃក្រសួងការពារ​ជាតិឥណ្ឌា លោក សាន់ជេយ មីត្រា (Sanjay Mitra) នឹង​ជួបចរចា​ជាមួយសមភាគីអ៊ីស្រាអែល លោក យុឌី អាដាម (Udi Adam) នៅក្នុងកិច្ច​ព្រមព្រៀង​មួយ ដើម្បីទិញ​មីស៊ីល Spike ដល់ទៅ​ចំនួន ៣,០០០គ្រាប់ ដែលផលិត​ឡើងដោយ​ក្រុមហ៊ុន​អ៊ីស្រាអែល Rafael Advanced Defense System។

គួរជម្រាបថា កាពីខែ​វិច្ឆិកាឆ្នាំទៅ ឥណ្ឌាបានលុបចោល​គម្រោង​តម្លៃជិតមួយ​ពាន់លានដុល្លារ ក្នុងការប៉ុនប៉ង​ទិញយក​មីស៊ីល Spike ប្រទេស​អ៊ីស្រាអែល។ បើតាម​សេចក្តីរាយការណ៍​ព័ត៌មានកាលនោះ កិច្ចព្រមព្រៀង​ត្រូវបាន​លុបចោល គឺដើម្បីជំរុញ​លើក​ទឹក​ចិត្តដល់​ក្រុមហ៊ុនផលិត​សព្វាវុធការពារជាតិ​ក្នុងស្រុក នៅក្រោម​កិច្ច​ផ្តួចផ្តើម «ផលិត​នៅឥណ្ឌា» របស់​នាយករដ្ឋមន្រ្តី លោក ណារិនដ្រា ម៉ូឌី (Narendra Modi)។ ម៉្យាងវិញ​ទៀតកាលពី​ឆ្នាំ២០១៧ ឥណ្ឌា ក៏បានទទួល​ជោគជ័យ ក្នុងការធ្វើតេស្ត​មីស៊ីលកម្ទេចរ​ថក្រោះ Nag ដែលផលិត​​​ដោយ​ផ្ទាល់ដៃ ដោយប្រើ​ការចំណាយអស់ ៤៦.៨លាន​ដុល្លារអាមេរិក​ផងដែរ៕

Related Posts

About The Author

Add Comment

error: Content is protected !!