ព័ត៌មានលម្អិត៖ ជនដៃដល់ និងជនពាក់ព័ន្ធសរុប៥នាក់ ជាកម្លាំងប្រដាប់អាវុធ ក្នុងករណីបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លូនទាំងអស់

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ពោលត្រឹមរយៈពេល៣យប់ ៤ថ្ងៃ សំណុំរឿងឃាតកម្មដ៏គូរឲ្យតក់ស្លុត និងភ្ញាក់ផ្អើលនៅទូទាំងប្រទេស គឺបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីជនដៃដល់ និងជនពាក់ព័ន្ធសុទ្ធតែជាកងកម្លាំងប្រដាប់អាវុធ (នគរបាល​២នាក់ និងយោធា៣នាក់) ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមនីតិវិធីច្បាប់។

ជនដៃដល់ និងជនពាក់ព័ន្ធទាំង៥នាក់ រួមមាន ទី១៖​ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ នៃវរការពារព្រំដែនលេខ៦២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃ ទី០២ ខែកុម្ភៈ ស្ថិតនៅហាងគុយទាវមួយកន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាអ្នកបាញ់ផ្ទាល់ទៅលើជនរងគ្រោះទាំង៣នាក់, ទី២៖ឈ្មោះ កើត វេហា ហៅឆៃ ជាទាហានការពារព្រំដែន ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមករា ជាជនពាក់ព័ន្ធ និងទី៣៖ឈ្មោះ កើត វេតា ជាទាហានការពារព្រំដែន, ទី៤៖ឈ្មោះ ឡាយ សាវី ជាទាហានការពារព្រំដែន និងទី៥៖ឈ្មោះ ទន់ ធារ៉ា ជាមន្ដ្រីនគរបាលប៉ុស្ដិ៍អូររលែ ដែលអ្នកទាំង៣នេះ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ។

ដោយឡែក ជនរងគ្រោះទាំង៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ។

ជុំវិញប្រតិបត្តិការតាមចាប់ជនដៃដល់ និងជនពាក់ព័ន្ធទាំង៥នាក់ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមស៊ើបអង្កេត ក្នុងករណីឃាតកម្ម របស់គណៈកម្មាធិការ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ នៅយប់ថ្ងៃទី០២ ខែកុម្ភៈនេះ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងសមត្ថកិច្ច របស់ថ្នាក់ជាតិ (អាវុធហត្ថ ក្រសួងបរិស្ថាន និងនគរបាលជាតិ) ជាង៣០នាក់ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី បានទទួលជោគជ័យក្រោយជនល្មើស និងជនពាក់ព័ន្ធទាំង៥នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។

ក្នុងរយៈពេលស្រាវជ្រាវទាំងយប់ ទាំងថ្ងៃរយៈពេលប៉ុន្មានថ្ងៃមកនេះ លោកឧត្តមសេនីយ៍ បញ្ជាក់ថា សាក្សីរួមមាន មន្ដ្រី កងកម្លាំងប្រដាប់អាវុធ និងប្រជាជនចំនួន៩នាក់ ត្រូវហៅមកសួរនាំជាបន្ដបន្ទាប់ ពាក់ព័ន្ធអំពើឃាតកម្ម ដើម្បីប្រមូលភ័ស្ដុតាងបន្ថែម ព្រមទាំងវត្ថុតាងជាកាំភ្លើងក៏ត្រូវបានសមត្ថកិច្ចដកហូតផងដែរ។ អំពើឃាតកម្មនេះមជ្ឈមដ្ឋាននានាពិតជាចង់ដឹង ពីមូលហេតុពិតប្រាកដដែលនាំឲ្យមានការបាញ់សម្លាប់ទៅលើជនរងគ្រោះទាំង៣នាក់។

ខាងក្រោមនេះជាខ្លឹមសារត្រួសពីចម្លើយសារភាពរបស់ជនដៃដល់ ផល ពេញ ដែលបានប្រាប់ទៅក្រុមសមត្ថកិច្ចនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ៖

«ដំបូងឡើយពោលនៅថ្ងៃកើតហេតុទី៣០ ខែមករា ជនរងគ្រោះទាំង៤នាក់ (រត់គេចខ្លួនបានម្នាក់) បានជិះម៉ូតូ២គ្រឿង ល្បាតក្នុងព្រៃ ហើយក៏ជួបជនជាតិវៀតណាមមួយក្រុម ដោយមានរណាយន្ដ កំពុងកាប់ និងអាឈើ។ ពេលឃើញជនជាតិវៀតណាមទាំងនោះ កំពុងប្រព្រឹត្តបទល្មើសព្រៃឈើ ជនរងគ្រោះបានទៅឃាត់ ហើយសួរនាំស្រាប់តែមានមន្ដ្រីនគរបាលប៉ុស្ដិ៍ម្នាក់ ដែលជាកូនចៅរបស់ ផល ពេញ ទៅសួរនាំគោលបំណងសម្របសម្រួលដោយទារលុយប្រមាណ៥លានដុង ពីក្រុមជនជាតិវៀតណាម។

ការសម្របសម្រួលគ្នានេះ ជនរងគ្រោះទាំង៣នាក់ ក៏មិនថាអី ប៉ុន្ដែពួកគេនៅតែចាប់ដកហូតរណាយន្ដ ដាក់ចងនៅលើម៉ូតូរួចក៏ដឹងចេញមក ហើយថែមបានរាយការណ៍ទៅកាន់ព្រះរាជអាជ្ញា ស្រាប់តែលោកព្រះរាជអាជ្ញា បានទូរស័ព្ទប្រាប់មេបញ្ជាការវរការពារព្រំដែនលេខ៦២១ ដែលជាមេកើយរបស់ឈ្មោះ ផល ពេញ។ ក្រោយទទួលទូរស័ព្ទពីលោកព្រះរាជអាជ្ញារួចមក មេបញ្ជាការវរ ក៏បានទូរស័ព្ទទៅស្ដីបន្ទោសទៅឈ្មោះ ផល ពេញ ស្រាប់តែជននេះ ខណៈកំពុងនៅជាមួយមន្ដ្រីយោធា ដែលពាក់ព័ន្ធ ក៏ធ្វើដំណើរស្កាត់មកជួបជនរងគ្រោះទាំង៤នាក់នៅក្បែរភូមិ រួចបើកការបាញ់ ប្រហារទាំងកម្រោល បណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ។

តាមការសារភាពដដែលនេះ ក្រៅពីខឹងរឿងជនរងគ្រោះទូរស័ព្ទ ទៅកាន់ព្រះរាជអាជ្ញា និងចាប់វត្ថុតាងរបស់ជនជាតិវៀតណាម រឿងខឹងមួយទៀតនោះ គឺជនរងគ្រោះចូលល្បាតនៅតំបន់នោះ មិនសុំសហការណ៍ពីខ្លួន ព្រោះអាចនឹងមានបញ្ហាកើតឡើងជាមួយភាគីវៀតណាម ដោយសារជាព្រំប្រទល់ជាប់គ្នា»

លោកឧត្តមសេនីយ៍ ហុង វិណុល បានថ្លែងថា​ សម្រាប់គណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី គឺបានអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលត្រឹមត្រូវហើយ លើកិច្ចការពារ និងបង្ក្រាបបទល្មើសព្រៃឈើ ប៉ុន្តែបញ្ហាទាំងនេះ បានកើតឡើងដោយសារតែមានបុគ្គលមួយប៉ុណ្ណោះ។

គិតត្រឹមម៉ោងប្រមាណ០៧៖១៥នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ជនដៃដល់ដែលជា​នាយនគរបាលប៉ុស្តិ៍អូររលែ ផល ពេញ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចប់ការសួរនាំហើយ មុនបញ្ជូនទៅខេត្តមណ្ឌលគិរីវិញអាចធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។

បន្ទាប់ពីត្រូវបានចាប់ខ្លួន នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈកំពុងរត់គេចខ្លួនទៅកាន់ស្រុកកំណើត នៅឯខេត្តព្រៃវែង នាយនគរបាលប៉ុស្តិ៍អូររលែ ផល ពេញ បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេគឺជាអ្នកបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់ ពិតប្រាកដមែន ដោយផ្តើមចេញពីការទាស់ទែងគ្នា។ នេះបើតាមលោកឧត្តមសេនីយ៍ សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ​គណៈកម្មាធិការ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ​ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការ ដែលមានមន្ដ្រីអាវុធហត្ថ មន្ដ្រីបរិស្ថាន និងមន្ដ្រីនគរបាលជាតិ បានចុះទៅទីតាំងកើតហេតុ ដើម្បីបើកការស៊ើបអង្កេត និងស្រាវជ្រាវទៅតាមជំនាញជាក់ស្ដែង ជុំវិញហេតុផ្ទុះអាវុធដែលកើតឡើង បន្ទាប់ពីនាយឧត្តមសេនីយ៍ សៅ សុខា បានចេញបញ្ជាជាបន្ទាន់ឲ្យកម្លាំងសមត្ថកិច្ច នៃគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ឲ្យចុះស្រាវជ្រាវទាំងយប់។

ជាមួយគ្នានេះ ក្រោយកើតហេតុភ្លាមៗ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើលិខិតចូលរួមរំលែកទុក្ខដោយសោកស្ដាយឧបមា ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសព ជនរងគ្រោះទាំង៣នាក់។

ដោយឡែក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ បានចាត់ឲ្យក្រុមការងារកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខ និងបាននាំយកបច្ច័យចូលបុណ្យមួយចំនួនដល់គ្រួសារសពទាំង៣រូបផងដែរ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានសេចក្ដីរន្ធត់ យ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត នៅពេលទទួលព័ត៌មានថា មន្ត្រីកងរាជអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS ទាំង ៣រូប បានទទួលមរណភាពនៅក្នុងឧបទ្ទវហេតុនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយនឹងក្រុមគ្រួសារនៃសពហើយសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

មរណភាពរបស់ជនរងគ្រោះទាំង ៣រូប គឺមិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាចំពោះ ភរិយា និងកូនៗប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ធនធានមនុស្សដែលពោរពេញដោយស្នាដៃបានបំពេញភារកិច្ច ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។

ក្រៅពីមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗមកនោះ ខាងថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធ ក៏បានចូលរួមរំលែកទុក្ខ និងចូលរួមឧបត្ថម្ភដល់ក្រុមគ្រួសារនៃសពផងដែរ។

សូមបញ្ជាក់ថា ការបាញ់ប្រហារនេះ បានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់៕

 

 

Related Posts

About The Author

Add Comment

error: Content is protected !!