ព័ត៌មានក្ដៅ៖ «គ្រប់គ្នា​កំពុងអង្គុយមើល​អាមេរិក បង្កើនកញ្ចប់​ថវិកាប្រចាំឆ្នាំយោធា​​ដល់ទៅ ៧០០ពាន់​លាន​ដុល្លារ ដែលវាច្រើន​ជាងថវិកាប្រទេស​មហាអំណាចធំៗដ៏ទៃ ​បូកបញ្ចូលគ្នា​ទៅទៀត…»

(វ៉ាស៊ីនតោន)៖ ជាមួយការអនុម័ត​កញ្ចប់ថវិកា​យោធាប្រមាណ ៧០០ពាន់លានដុល្លារ​សម្រាប់រយៈពេល​តែមួយឆ្នាំ ដោយវា​គឺជា​ចំនួន​​ដ៏ច្រើនបំផុត ដែលមន្ទីរ​បញ្ចកោណ (ក្រសួងការពារជាតិ​អាមេរិក) ទទួលបាន និងដាច់ឆ្ងាយ​​លើសការ​ចំណាយ​​លើ​វិស័យ​យោ​ធានៃ​​ប្រទេស​រុស្ស៊ី​​ និង​ចិន ដែលជាគូប្រជែង​របស់ខ្លួន​រួមបញ្ចូលគ្នា​ទៀតនោះ សេតវិមាន​របស់ លោក ត្រាំ បានផ្តល់ឲ្យ​ខ្លួនឯងនូវ​លទ្ធភាព ដើម្បីបង្កើន​ចំនួន​កង​ទ័ព​រាប់ពាន់នាក់​បន្ថែម ព្រមទាំងទិញ​បរិក្ខាយោធា​ និងសព្វាវុធទំនើបថ្មីៗ រួមមាន​យន្តហោះ​ចម្បាំង និង​នាវា​​ចម្បាំង ក៏ដូចជា​​​ឱកាស​សម្រាប់ពង្រីកលទ្ធិប្រជាធិបតេយ្យ​របស់អាមេរិក តាមរយៈ​ការ​ប្រើប្រាស់យោធា នៅជុំវិញ​ពិភពលោក ឲ្យ​កាន់​​តែ​ខ្លាំងក្លា​​ថែម​​ទៀត។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ដោយគូស​បញ្ជាក់ថា កាបូបលុយ​របស់ក្រសួងការពារជាតិ​អាមេរិក នឹងត្រូវកើនឡើង​ម្តងទៀត​នៅឆ្នាំ២០១៩ គឺ​ដល់​ទៅ​ ៧១៦​ពាន់​លាន​ដុល្លារ​នោះ រដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានលើក​ឡើងថា ថវិកាទាំង​អស់នោះ គឺចាំបាច់​ជាខ្លាំង ដើម្បី​​ត្រៀម​លក្ខណៈដល់កងទ័ព​អាមេរិក នៅតាមតំបន់​សមរភូមិក្តៅ​ជុំវិញពិភពលោក រួមមាន​ប្រទេស​អាហ្វហ្គានីស្ថាន​ជាដើម និងដើម្បី​ទប់ទល់ចំពោះ​ការគំរាមកំហែង​នៃសង្រ្គាម ដែលអាចផ្ទុះឡើង​​ជាមួយ​ប្រទេស​កូរ៉េខាងជើង។

កញ្ចប់ថវិកាយោធាថ្មី​ខាងលើនេះ ត្រូវបានចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ​​សប្តាហ៍​មុន ដែលរួមមាន​នូវការចំណាយ​​កើនឡើងដ៏​ច្រើនសន្ធឹក​សន្ធាប់​ សម្រាប់មន្ទីរ​បញ្ចកោណ ជាមួយការកើន​ឡើង ៩៤ពាន់លាន​ដុល្លារ​ពី​កញ្ចប់ថវិកា​កាលពីឆ្នាំ២០១៧ ពោលគឺកើន​ឡើង ១៥.៥ភាគរយ។

គួរជម្រាបថា បើតាមរបាយការណ៍​នាពេលថ្មីៗ​របស់ UN ​កញ្ចប់​ថវិកា​យោធា​​របស់​សហរដ្ឋអាមេរិក គឺច្រើនលើស​លប់ជាង​​ការ​​ចំណាយលើវិស័យ​ការពារជាតិ​របស់​​​ចិន អារ៉ាប៊ីសាអូឌីត រុស្ស៊ី ចក្រភព​អង់គ្លេស ឥណ្ឌា បារាំង និងជប៉ុន រួមបញ្ចូលគ្នា​ទៅ​ទៀត៕

Related Posts

About The Author

Add Comment

error: Content is protected !!