ពិសា​កាហ្វេ ៣ ពែង​ក្នុង​មួយថ្ងៃ ផ្តល់​ផល​ល្អ​ដល់​សុខភាព ​ជាជាង​ផលប៉ះពាល់​​ដល់​សុខភាព

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២២​វិច្ឆិកា​ថា អ្នក​ដែល​ផឹក​កាហ្វេ​ពី ៣ ទៅ ៤ ពែង​ក្នុង​មួយថ្ងៃ​ទំនងជា​មើលឃើញ​ពី​ផលប្រយោជន៍​សុខភាព​ច្រើនជាង​គ្រោះថ្នាក់ ពោលគឺ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការស្លាប់​មុន​អាយុ​និង​ជំងឺ​បេះដូង​ទាប​ជាង​អ្នក​ដែល​មិនសូវ​ផឹក​កាហ្វេ​។​

​ការស្រាវជ្រាវ​ដែល​ប្រមូល​ភស្តុតាង​ពី​ការស្រាវជ្រាវ​ពីមុន​ជាង ២០០ បាន​រកឃើញថា ការផឹក​កាហ្វេ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ជំងឺថ្លើម ជំងឺ​វង្វេង និង​ជំងឺមហារីក​មួយចំនួន​។​

​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា ៣ ឬ ៤ ពែង​ក្នុង​មួយថ្ងៃ​ផ្តល់​ផលប្រយោជន៍​ច្រើន​បំផុត លើកលែងតែ​ស្ត្រី​ដែលមាន​ផ្ទៃពោះ ឬ​អ្នក​ដែលមាន​បញ្ហា​ឆ្អឹង​ពុក​ឬ​ប្រេះ​។​

​ដើម្បី​ស្វែងយល់​ពី​ផលប៉ះពាល់​របស់​វា​មកលើ​សុខភាព លោក​រូ​ប៊ី​ន ភូ​ល អ្នកឯកទេស​ខាង​សុខភាព​សាធារណៈ​នៅ​សាកលវិទ្យាល័យ​សោ​វ​ថែម​តុ​ន ចក្រភព​អង់គ្លេស​បាន​ដឹកនាំ​ក្រុមការងារ​ស្រាវជ្រាវ​មួយ​ក្នុងការ​តាមដាន​ការសិក្សា​ចំនួន ២០១ ដែល​ផ្អែកលើ​ការស្រាវជ្រាវ និង ការសិក្សា​ចំនួន ១៧ ដែល​ផ្អែកលើ​ការធ្វើ​តេស្ត​សាកល្បង​នៅ​ទូទាំងប្រទេស​លើ​ពិភពលោក​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​សរុបសេចក្តី​ថា “​ការផឹក​កាហ្វេ​ហាក់ដូច​ជាមាន​សុវត្ថិភាព​បើ​ផឹក​ក្នុង​ទម្រង់​ធម្មតា​”​។

​ការសិក្សា​ថ្មី​នេះ​ត្រូវបាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ​អង់គ្លេស BMJ កាលពី​ថ្ងៃ​ពុធ កន្លងទៅ៕

ដោយ៖ rasmeinews

Related Posts

About The Author

Add Comment

error: Content is protected !!