ផុតកំណត់ហើយ! យន្តហោះខ្នាត​យក្សអាមេរិក Boeing 747 នឹងធ្វើការហោះហើរ​ជាលើកចុង​ក្រោយ…

(វ៉ាស៊ីនតោន)៖ យន្តហោះដឹក​អ្នកដំណើរ​ខ្នាតធំ Boeing 747 ដែលអាចនិយាយ​បានថា ជាយន្តហោះ​ដឹកអ្នកដំណើរ​​ដ៏​លេច​ធ្លោ​មួយ នៅលើ​ពិភពលោកនោះ នឹងធ្វើការហោះហើរ​លើកចុងក្រោយ​របស់ខ្លួន​ សម្រាប់ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ​នា​ពេល​ឆាប់ៗ​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។

យន្តហោះ Boeing ខាងលើនេះ គឺជាប្រភេទ​យន្តហោះ​ដឹកអ្នកដំណើរ មានទំហំខ្លួនធំទីមួយ​របស់​ពិភពលោក និងត្រូវ​​បាន​បង្ហាញ​ខ្លួន​ជាលើកដំបូង​កាលពីឆ្នាំ១៩៦៨ ហើយចាប់តាំងពី​ពេលនោះមក យន្តហោះ Boeing 747 នេះ បានក្លាយជា​យានជំនិះ​ដ៏​គួរ​ឲ្យ​​ជឿ​ជាក់មួយ នៅលើ​ផ្ទៃអាកាស។

ទោះបីជាវាត្រូវបានកសាង​ឡើងដោយ​ក្រុមហ៊ុន Boeing Aerospace យ៉ាងណាក្តី ជើងហោះ​ហើរ​ពាណិជ្ជកម្ម​​របស់អា​មេ​រិក​ចុង​ក្រោយបំផុត​​​របស់វា នឹងត្រូវធ្វើឡើងនា​ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧ ជាមួយ​អាកាសចរណ៍ Delta Air Line ដែល​មាន​​គោល​​ដៅ​​​ធ្វើ​ដំណើរ​ត្រឡប់ពីទីក្រុងសេអ៊ូល ប្រទេស​កូរ៉េខាងត្បូង មកកាន់ទីក្រុង Detroit សហរដ្ឋអាមេរិកវិញ បន្ទាប់ពីបានទៅដល់ទីនោះ​​។

គួរជម្រាបថា នេះនឹងក្លាយ​ជាលើកចុងក្រោយ​ហើយ ដែល Boeing 747 នឹងត្រូវប្រើប្រាស់​សម្រាប់ជើងហោះហើរ​​ពាណិជ្ជកម្ម​​​ ជាមួយនិង​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក។ ដោយឡែក​យន្តហោះ​ដឹកអ្នកដំណើរដ៏ធំសម្បើមនេះ នឹងបន្តបម្រើការ​ នៅតាម​​ក្រុមហ៊ុន​អាកាសចរណ៍​បរទេសមួយចំនួនទៀត រួមមានដូចជា Lufthansa, Brtish Airways, និង Korean Air Lines ជាដើម​៕ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!