ប្រាសាទអង្គរវត្ត​បន្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១​ជា​សំណង់​ប្រវត្តិសាស្ត្រ​

(​ភ្នំពេញ​) ៖ ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត និង​ចំណាត់ថ្នាក់​លេខ​៨​ជា​គោលដៅ​ទេសចរណ៍​​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅនេះ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​បើតាម​អាជ្ញាធរ​អប្សរា បាន​ឲ្យ​ដឹងថា ក្រោយ​ការចូលរួម​បោះឆ្នោត ពី​ភ្ញៀវទេសចរ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក គេហទំព័រ​ដ៏​ល្បីល្បាញ Trip Advisor បានផ្តល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជា​សំណង់​ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​​បំផុត និង​ចំណាត់ថ្នាក់​លេខ​៨ ជា​គោលដៅ​ទេសចរណ៍​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧ កន្លងទៅនេះ​។

​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​ទៀតថា នេះ​គឺជា​ឆ្នាំ​ទី​៤​ហើយ ដែល​ប្រាសាទអង្គរវត្ត ត្រូវបាន​ភ្ញៀវទេសចរ​លើ​ពិភពលោក​បោះឆ្នោត​គាំទ្រ ហើយ​ទទួលបាន​ចំណាត់​លេខ​១​ជាប់ៗ​គ្នា តាមរយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេងៗ​គ្នា​។ កាលពី​ឆ្នាំ​២០១៤ អង្គរ​បានជា​ប់​ចំណាត់ថ្នាក់​លេខ​១ នៅលើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក មក​ប្រៀបធៀប​គ្នា នោះ​គឺ​គេហទំព័រ ArchaeoMadness​។

​បន្ទាប់មកទៀត នៅ​ដើមឆ្នាំ​២០១៥ អង្គរ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ម្តងទៀត នៅលើ​គេហទំព័រ​អន្តរជាតិ​មួយ​ដែលជា​គេហទំព័រ​ផ្សព្វ​​ផ្សាយ​តំបន់​ទេសចរណ៍​ល្បីៗ​លើ​ពិភពលោក នោះ​គឺ​គេហទំព័រ TripAdvisor​។ នៅ​ឆ្នាំ​២០១៦​កន្លងទៅ​អង្គរ​បាន​បន្ត​ជាប់​លេខ​១​បន្ថែមទៀត នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែលជា​គេហទំព័រ​ផ្សព្វផ្សាយ​និង​ជា​ប្រភពព័ត៌មាន​ទេសចរណ៍​ដ៏​​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាមរយៈ​វែបសាយ ទស្សនា​វ​ដ្តី និង​សៀវភៅ ជាដើម​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​ទៀតថា នេះ​ជា​មោទនភាព​មួយ​របស់​ជាតិខ្មែរ​យើង​ទាំងមូល​ដែល​អង្គរវត្ត​របស់​ក​ម្ពុ​ជា​ទទួល​បានការ​​គាំទ្រ​ពី​បណ្តា​ប្រជាជន​ជុំវិញ​ពិភពលោក​។ ក្នុងនាម​ខ្លួន​ជា​ស្ថាប័ន​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ចូលរួម​អប​​អរសាទរ និង​បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​បន្ត​ចូលរួម​ថែរក្សា​ការពារ​នូវ​បេតិកភណ្ឌ​របស់​ដូនតា​ឲ្យ​បាន​ខ្លាំងក្លា​​ដើម្បី​ភាព​គង់វង្ស​យូរអង្វែង​តទៅ​៕​ដោយ​៖រស្មីកម្ពុជា

Related Posts

About The Author

Add Comment

error: Content is protected !!