សម្ដេច​តេ​ជោ ហ៊ុន សែន៖ ផ្ដាំ​ទៅ​អតីតបក្សប្រឆាំង​ថា ចង់​បង្កើត​បក្ស​ថ្មី​ឬ​អត់​ស្រេច​ចិត្ត​ ​

(​ភ្នំពេញ​) ៖ ខណៈពេល​ថ្មីៗ​កន្លងទៅនេះ សម្ដេច​តេ​ជោ ហ៊ុន សែន​ប្រមុខ​គណបក្សកាន់អំណាច​បា​ន​ប្រកាស​បើកផ្លូវ​ឲ្យ​អតីត​សមាជិក​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយចោល​ឲ្យ​បង្កើត​បក្ស​ថ្មី បើ​ចង់​ចូលរួម​បោះឆ្នោត​ឆ្នាំក្រោយ​តែ​ត្រូវ​មន្ដ្រី​គណបក្ស​សង្គ្រោះ​​ជាតិ​បដិសេធ​យ៉ាង​ដាច់អហង្ការ​។ ទោះជា​យ៉ាងណា ភ្ជាប់​ទៅនឹង​ការច្រានចោល​របស់​មន្ដ្រី​បក្សប្រឆាំង​បែបនេះ សម្ដេច​តេ​ជោ នៅ​ព្រឹក​នេះ​បាន​បន្ថែមថា ចង់​បង្កើត ឬ​មិន​ចង់​ក៏​ស្រេច​តែ​ចិត្ត​ឯ​ចុះ​។​
​ ​
​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី នៅ​តំបន់​ទួល​ពង្រ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ​នេះ សម្ដេច​តេ​ជោ បាន​លើកឡើងថា “…​ពេលដែល​យើង​និយាយថា​គួរតែបង្កើត​បក្ស ទៅ​គេ​ថា​មិនបង្កើត​ឯង​មិនបង្កើត​មុខ​ដូច​ម៉ែ​អា​ញ់ អ្នកឯង​មិនបង្កើត​ហី​ទៅ​យើង​​មិនបាន​បណ្ដេញ​អ្នកឯង​ទេ អ្នកឯង​ទេ​ដែល​ចេញទៅ​រស់នៅ​ក្រៅប្រទេស​ខ្លួនឯង អ្នកឯង​ចង់​មកវិញ​មាន​អ្នកណា​ហាមឃាត់​អ្នក​​ឯង​ចង់ទៅ​ងាប់​ណា​ទៅៗ សូម​ផ្ដាំ​ត្រឡប់​ទៅវិញ មិនបង្កើត​មិនមែន​មុខ​ដូច​ម៉ែ​អា​ញ់​ទេ​…​ចាំ​មើលទៅ​…”​។​
​ ​
​សម្ដេច​បន្ដថា “…​អ្នកខ្លះ​និយាយថា​ចុងខែ​នេះ ដំណឹង​ល្អ​បក្ស​យើង​រស់​វិញ ដើមខែ​នេះ​ដើមខែ​នោះ​មេបក្ស​នោះ​ត្រឡប់មកវិញ​ចាំតែ​​ត្រឡប់មកវិញ​ទៅ​អាពៅ​អើយ​…​សាលក្រម​តុលាការ​បិទ​ការ តវ៉ា​ចេះតែ​ថា​រស់​មកវិញ​ទៅរួច ខ្ញុំ​គិតថា​មិន​ចង់​ច្រលក់​មាត់ តទៅទៀត​ទេ អស់រឿង​ខ្ញុំ​ហើយ​… រឿង​ខ្ញុំ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា ឈានទៅ​មុខ ស្របតាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​…​យើង​មាន​បំណងល្អ គេ​ថា​យើង​មានបំណង​ចេះ​ចុះ​…​និយាយ​ស្រួល​អានេះ​គិតថា​យើង​ទន់ គិតថា​ហ៊ុនសែន​ជិត​ងាប់​ហើយ ចាំតែ​ងាប់​ទៅ​អាពៅ​…”​។​
​ ​
​ជាមួយគ្នានេះ សម្ដេច​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ត្រូវ​រួបរួមគ្នា រក្សា​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម​​ទាំងអស់គ្នា​។​
​ ​
​សម្ដេច​ក៏បាន​អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី​ទាំងអស់ ទៅ​ផ្ទៀងផ្ទាត់​ឈ្មោះ​ដើម្បី​បាន​ចូលរួម​បោះឆ្នោត ជ្រើសរើស​មេដឹកនាំ​នៅ​ថ្ងៃទី​២៩​ខែ​​កក្កដា​ឆ្នាំ​២០១៨​ខាងមុខ​។​

​ការឆ្លើយ​ឌឺ​តប​របស់​សម្តេច​តេ​ជោ​នេះ​ធ្វើឡើង​បន្ទាប់ពី អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​អេង ឆៃអ៊ាង​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​បាន​អះអាង​នៅលើ​ទំព័រ Facebook របស់លោក ថា ថ្នាក់ដឹកនាំ​អតីត​គណបក្ស សង្គ្រោះ​ជាតិ នឹងមិន​បង្កើត គណបក្ស​​ថ្មី​នោះទេ​ទោះបីជា​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​បាន​បើកផ្លូវ​ឲ្យ​ក្រុម អតីត​បក្ស​នេះ​បង្កើត​បក្ស​ចូលរួម ប្រកួតប្រជែង​បោះឆ្នោត យ៉ាងណាក្តី​។​

​សូម​ញ្ជា​ក់ថា​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ​ហ៊ុន សែន បាន​លើកឡើងថា​៖ «​ដោយសារ​មានការ​ខ្សឹបខ្សៀវ និង​ការ​ប្រឌិត​ព័ត៌មាន​មិន​ពិដ​ដែលជា​ដដែល​អំពី​ការ​រស់​ឡើងវិញ​នៃ​អតីត​​បក្ស​ស​ង្រោះ​ជាតិ គឺ​ខ្ញុំ​សូម​ផ្តាំផ្ញើ និង​បញ្ជាក់​សាជាថ្មី​ថា អតីត​បក្ស​ដែល​ត្រូវបាន​រំលាយ​ហើយ ដោយ​សាលដីការ​តុលា​កំពូល​គឺ​ចប់​ជា​ស្ថាពរ​​ហើយ​។ ឈ្មោះ​អតីត​បក្ស​នេះ គឺ​នឹង​គ្មាន​កើតឡើង​សាជាថ្មី​ទៀតឡើយ​។ ខ្ញុំ​សូម​ឲ្យ​យោបល់​ខ្លះៗ​ដែល​អាចមាន​ប្រយោជន៍​ហើយ​កុំ​ឲ្យ​ខាត​​ពេល​ច្រើន គឺ​មានតែ​វិធី​មួយគត់ គឺ​បង្កើត​បក្ស​ថ្មី​ចូលរួម​ប្រកួតប្រជែង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ខាងមុខ គឺ​វា​ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន​ពិត ហើយ​ខាតបង់​ពេលវេលា​កាន់តែច្រើន​»៕​ដោយ​៖​រស្មីកម្ពុជា

Image may contain: 7 people, people smiling, people standingImage may contain: 17 people, people smiling, people standingImage may contain: 15 people, people smiling, people standingImage may contain: 8 people, people smiling, people standing and outdoorImage may contain: 10 people, people smiling, people standing and outdoorImage may contain: 12 people, people standing and outdoorImage may contain: 12 people, people smiling, people standing and outdoorImage may contain: 13 people, people smiling, people standing

Related Posts

About The Author

Add Comment

error: Content is protected !!