ប្រធានាធិបតីចិន​ប្រាប់ទៅ ដូណាល់ ត្រាំ៖ «ទំនាក់ទំនងចិន-អាមេរិក កំពុងចាប់ផ្តើមពី​ចំណុចជាប្រវត្តិសាស្ត្រថ្មីមួយ»

(ប៉េកាំង)៖ ថ្លែងនៅក្នុងកិច្ចសន្ទនាផ្លូវការ​ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិន លោក ស៊ី ជិពីង ដែលជាម្ចាស់ផ្ទះ បានថ្លែងពាក្យស្វាគមន៍យ៉ាងកក់​ក្តៅថា >«ទំនាក់ទំនងរវាង​ប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងតែចាប់ផ្តើម​ពីចំណុច ជាប្រវត្តិសាស្ត្រ​ថ្មីមួយ»។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការថ្លែងរបស់ លោក ស៊ី ដូចខាងលើនេះ ធ្វើឡើងចំពោះមុខ លោក ត្រាំ តែម្តង ខណៈដែល​មេដឹកនាំកំពូលទាំងពីរលើពិភពលោកនេះ កំពុងតែស្ថិតនៅក្នុងមហាវិមានប្រជាជន នៃទីក្រុងប៉េកាំង នាព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង។ លោក ដូណាល់ ត្រាំ បានមកដល់​រដ្ឋធានី​ប៉េកាំងកាលពីរសៀលថ្ងៃពុធ ម្សិលមិញនេះ ដោយបានទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ដោយមន្ត្រីជាន់ខ្ពស់ចិន និងការដើរកម្សាន្តជាលើកដំបូង នៅឯអតីតរាជវាំងចិនពីបុរាណ ដែលស្ថិតនៅកណ្តាល​ទីក្រុង​ដ៏ចំណាស់ និងជាស្នូលនៃរដ្ឋបាលចិននេះតែម្តង។

គួរបញ្ជាក់ថា បន្ទាប់ការធ្វើទស្សនកិច្ចខាងលើ លោក ដូណាល់ ត្រាំ បានបង្ហាញពី​អារម្មណ៍របស់​លោក តាម​រយៈប្រព័ន្ធ Twitter ថា​​លោកទទួល​បានបទពិសោធន៍​ដែលពុំអាចបំភ្លេច​បានឡើយ នៅ​អតីតព្រះរាជវាំង Forbidden City នេះ និងលោក បានសម្តែងអំណរគុណ​​យ៉ាងជ្រាលជ្រៅ​ចំពោះ​លោក ស៊ី ជិនពីង រួមនិង​លោក​ស្រី ផេង លីយ័ន។

ម៉្យាងវិញទៀត មេដឹកនាំនៃ​មហាអំណាច​ទាំងពីរនេះ សុទ្ធបានសម្តែងក្តី​សង្ឃឹមថា នឹងទទួលបាន​លទ្ធផលវិជ្ជមាន​ពីជំនួបពិភាក្សា​​លើកនេះ។ ជាមួយគ្នា​នេះ កាលពី​ម្សិលមិញ គ្រាន់តែ​លោក ដូណាល់ ត្រាំ មកដល់​ចិនភ្លាម ក្រុមហ៊ុនអាមេរិក និង​ក្រុម​ហ៊ុន​ចិន​​បាន​ចុះ​ហត្ថ​លេ​ខា​ទៅ​លើកិច្ចព្រមព្រៀង​ផ្សេងៗភ្លែត មានតម្លៃសរុប​ជាទឹកប្រាក់​ដល់ទៅ​ប្រមាណ ០៩ពាន់លានដុល្លា៕ by:Fresh news

Related Posts

About The Author

Add Comment

error: Content is protected !!