ប្រទេសចិន ចាប់ផ្តើមការសាងសង់នាវាដឹកយន្តហោះចម្បាំងទីបី ដែលផលិតដោយខ្លួនឯងផ្ទាល់

(ប៉េកាំង)៖ រយៈពេលមិនដល់មួយឆ្នាំផង បន្ទាប់ពីនាវាដឹកយន្តហោះចម្បាំង ដែលផលិតដោយផ្ទាល់ដៃដំបូងបំផុត នៃប្រទេសចិន​ ត្រូបានដាក់ឲ្យធ្វើ​ប្រតិបត្តិការសាកល្បង មហាយក្សនៅអាស៊ីមួយនេះ ត្រូវគេរាយការណ៍ថា កំពុងតែដុតដៃដុតជើង បំពេញ​កិច្ច​ការ ទៅលើនាវាដឹក​យន្តហោះចម្បាំងផលិតក្នុងស្រុកទីបីរបស់ខ្លួនថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែ​មករា ឆ្នាំ២០១៨។

ប្រការហេតុនេះ នាវាដឹកយន្តហោះចម្បាំងសរុបចំនួន០៣គ្រឿងហើយ ត្រូវបាននិងកំពុងសាងសង់ដោយដោយប្រទេសចិនផ្ទាល់ លើកលែង​តែនាវាដឹកយន្តហោះចម្បាំង លាវនីង (Liaoning) ជា​នាវាចំណាស់មានអាយុកាលរាប់ទសវត្សរ៍របស់ អតីត​សហ​ភាព​សូវៀត​ ដែលទីក្រុងប៉េកាំង បានទិញយកអ៊ុយក្រែន ដើម្បីយក​មកធ្វើការជុសជួលកែលម្អឡើងវិញ។

នាវា​ដឹក​យន្ត​ហោះ​ចម្បាំង Type-001A ត្រូវបានដាក់ដើម្បីឲ្យ​តេស្ត​​​​កាល​ពី​ខែ​មេសា​ឆ្នាំ​ទៅ​ ខណៈ​​នាវា​​ដឹក​​យន្ត​​ហោះចម្បាំង Type​-​002 ត្រូវ​គេកំណត់ថានឹងធ្វើប្រតិបត្តិការសាកល្បង នៅក្នុងពេលប៉ុន្មានខែខាងមុខនេះ បើតាមសារព័ត៌​មាន​ចិន Global Times។ នាវាដឹកយន្តហោះចម្បាំង Type-001A មានលក្ខណៈស្រដៀងទៅនឹងនាវា Liaoning (Type-001) ដែរ ដោយ​វា​មាន​ផ្នែក​ចុង​ខាង​មុខ រាងកោងដើម្បីអាចជួយដល់យន្តហោះចម្បាំង ក្នុងការហោះឡើង ខណៈនាវាដឹកយន្តហោះចម្បាំង Type-002 និង Type-003 ត្រូវគេរាយការណ៍ថាមានលក្ខណៈនិងបច្ចេកវិទ្យា ស្រដៀងគ្នា។

បើតាមប្រភពពីមន្រ្តីយោធា ដែលសារព័ត៌មានចិន South China Morning Post ទទួលបាន ការសាងសង់នាវាចម្បាំងថ្មីទី០៣​ នៃ​យោធាចិន នឹងមានភាពស្មុគស្មាញ និងបញ្ហាប្រឈមច្រើនជាង នាវាដឹកយន្តហោះចម្បាំងពីរគ្រឿងមុន។ ប្រភពដដែលបានឲ្យ​ដឹងថា ដំណើរការសាងសង់នាវាដឹកយន្តហោះចម្បាំង Type-003 កំពុងប្រព្រឹត្តទៅនៅឯកំពង់ផែ សៀងហៃជាងណាន (Shanghai Jiangnan) ហើយគេកំពុងធ្វើការទៅលើតួខ្លួនរបស់វា និងរំពឹងថាអាចចំណាយពេលប្រមាណជា០២ឆ្នាំ ទើបហើយរួចរាល់។

គោលដៅសម្រាប់ នាវាដឹកយន្តហោះចម្បាំងប្រភេទដូចជា Type-003 នេះ គឺប្រើប្រាស់ប្រព័ន្ធជំនួយការហោះឡើងដោយកម្លាំង​​អេឡិចត្រូម៉ាញេទិក ជាប្រព័ន្ធមួយដែលកងទ័ពជើងទឹកអាមេរិក បានចំណាយពេលរាប់ឆ្នាំ ដើម្បីអភិវឌ្ឍឲ្យល្អឥតខ្ចោះ ហើយ​វា​​ត្រូវគេអះអាងថា នឹងដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។

គួរជម្រាបផងដែរថា មហិច្ឆតារបស់ចិន គឺធ្វើយ៉ាងណាឲ្យមានក្រុមនាវាដឹកយន្តហោះចម្បាំង ចំនួន០៤ក្រុម ធ្វើប្រតិបត្តិការនៅ​ក្នុង​ជួរកងទ័ពរំដោះប្រជាជានចិន PLA ឲ្យបានពេញលេញនៅឆ្នាំ២០៣០។ ដោយឡែក នាវាដឹកយន្តហោះចម្បាំង Liaoning បច្ចុប្បន្ន​គឺជានាវាដឹកយន្តហោះចម្បាំងតែមួយ ដែលកំពុងធ្វើប្រតិបត្តិការក្នុងជួរកងទ័ពចិន ក៏ប៉ុន្តែនាវា Type-001A ត្រូវគេរំពឹងថានឹង​អាច​ធ្វើ​ប្រតិបត្តិការពេញលេញបាននៅចុងឆ្នាំ២០១៨៕

Related Posts

About The Author

Add Comment

error: Content is protected !!