នាយ គ្រឿន៖ បើ​គ្មាន​វិធានការ ក្រុម​កំប្លែង​នឹង​រលាយ​ទាំង​ស្រុង

តារា​កំប្លែង និង​ជា​តារា​សម្ដែង​នាយ គ្រឿន ទទួល​ស្គាល់​ថា សមត្ថភាព​កំប្លែង​របស់​ខ្លួន និង​ក្រុម​កំប្លែង​ទាំង​មូល បាន​ធ្លាក់​ចុះ​ជា​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ ហើយ​បញ្ហា​នេះ គឺ​ជា​កត្តា​ប្រឈម​ខ្លាំង។ នាយ ប្រាប់​ថា ប្រសិន​បើ​គ្មាន​វិធានការ​នោះ​ទេ ក្រុម​កំប្លែង​ទាំង​មូល អាច​នឹង​លែង​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន។

នាយ គ្រឿន បាន​វាយ​តម្លៃ​ថា បើ​ធៀប​នឹង​​ភាព​ល្បី​នា​ពេល​កន្លង​ទៅ នា​ពេល​បច្ចុប្បន្ន​ក្រុម​កំប្លែង CTN របស់​លោក បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ប្រមាណ ៣០​ភាគរយ។ ក្រៅ​តែ​ពី​ការ​ធ្លាក់​ចុះ​ការ​កំប្លែង​លើ​កញ្ចក់​ទូរទស្សន៍ ការ​ចេញ​ទៅ​សម្ដែង​ខាង​ក្រៅ ក៏​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ។ ដោយសារ​មើល​ឃើញ​ពី​បញ្ហា​ធ្លាក់​ចុះ​ខ្លាំង​ដូច្នេះ​ហើយ​ទើប​នាយ គ្រឿន និង​ក្រុម​កំប្លែង​ទាំង​មូល កំពុង​ជួបជុំ​គ្នា​រិះរក​គំនិត​ថ្មី ប្លែកៗ​ថែម​ទៀត ដើម្បី​ជួយ​ទាញ​ប្រជាប្រិយភាព​ឡើង។

តារា​កំប្លែង​រូប​នេះ ជឿ​ជាក់​ថា ប្រសិន​បើ​ក្រុម​កំប្លែង​ទាំង​អស់ យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​គំនិត​ថ្មីៗ​មក​បញ្ចូល​គ្នា​ឱ្យ​បាន​ច្រើន នោះ​អ្វីៗ​នឹង​អាច​ត្រឡប់​ដូច​ដើម។ នាយ​បាន​មើល​ឃើញ​បែប​នេះ ព្រោះ​តែ​សមាជិក​ក្នុង​ក្រុម​កំប្លែង​ម្នាក់ៗ ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ លើ​ការ​កំប្លែង​ច្រើន​ដូច​មុន​ទេ ពោល​គឺ​ខិតខំ​តែ​ការងារ​ក្រៅ​រៀង​ៗ​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ក្រុម​ទាំង​មូល៕

អត្ថបទដោយ៖ខ្លីៗ

Related Posts

About The Author

Add Comment

error: Content is protected !!