នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសថា ទោះជាត្រូវលះបង់តម្លៃណាក៏ដោយ ត្រូវការពារ សុខសន្តិភាព ដែលមាននៅពេលនេះឲ្យបានដាច់ខាត

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយ យុវជនស្រលាញ់សន្ដិភាព និងក្រុមយុវជន ខបួន ដោយមានចូលរួមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

​ក្រោយពី​ស្តាប់របាយការណ៍ស្វាគមន៍ ​លោក ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពរួចមក នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងការកោតសរសើលើការងារសម្បុរសធម៌ របស់​សម្ព័ន្ធយុវជន ស្រលាញ់សន្តិភាព និងក្រុមយុវជនខបួន និងបានលើកឡើងពី ប្រវត្តិការតស៊ូឆ្លងកាត់ ការលំបាក​រាប់ពាន់​ឧបសគ្គរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅរកការសង្រ្គោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមដំណើរជាមួយ កម្មាភិបាលដ៏ទុកចិត្តចំនួន៤រូប ដោយបានភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភពីកងទ័ពវៀតណាម ក្នុងការរំដោះជាតិ។

ប្រទេសជាតិមានសុខសន្តិភាព ​ពិតប្រាកដពេញផ្ទៃ ប្រទេសមានការបោះឆ្នោតត្រឹមត្រូវ តាមលក្ខណៈលទ្ធិប្រជាធិប្បតេយ្យសេរីពហុបក្ស តម្លាភាព និងយុត្តិធម៌ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងគណបក្សប្រជាជនកម្ពុជា បាននិងកំពុងបន្តសម្រេច​បានជោគជ័យ ក្នុងការបង្កើតឡើងសមិទ្ធផលធំៗ ជាច្រើនថែមទៀតជូនជាតិ​តាមរយៈគោលដៅយុទ្ធសាស្ត្រ​ដែលត្រូវបានដាក់ចេញ។

ដូច្នេះហើយ ​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងយ៉ាងច្បាស់ថា «ការពារដាច់ខាត មិនឲ្យមានបដិវត្តន៍ពណ៌ នៅលើទឹកដី នៃប្រទេសកម្ពុជានោះទេ ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ។ ក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ​ពុះពារ​ គ្រប់ឧបសគ្គ​រក្សាបាននូវ​ សុខសន្តិភាព ស្ថេរភាព​ រហូត​អភិវឌ្ឍ​ ប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើន លើគ្រប់វិស័យបន្តទៀត»។​

នាយឧត្តមសេនីយ៍​សង្កត់ធ្ងន់ថា ​​«បើគ្មានគោលនយោបាយឈ្នះ​ឈ្នះ​ របស់រាជរដ្ឋាភិបាល​​​ទេ​​សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះ ក៏នៅមិនទាន់ចប់ផង សូមពុក​​ម៉ែ​ បងប្អូន​ ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ចង់បំផ្លាញសុខសន្តិភាពដែល​យើងទទួលបានយ៉ាងលំបាក​។ ប៉ុន្តែមានជនមួយក្តាប់តូច​ តែង​​តែលើកតម្កើងថ្ងៃ២៣​ តុលា​ ដោយចោទ​រាជរដ្ឋាភិបាលថា បានរំលោភ​កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស​ ២៣ តុលា​ទៅវិញ។ អ្នកឯងត្រូវទទួលស្គាល់ថា បើគ្មានថ្ងៃ​​៧​មករា​​ទេ​ ក៏គ្មាន​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស ២៣ តុលា​នោះដែរ ហើយក៏គ្មាន​សិទ្ធមនុស្ស ​គ្មាន​សុខសន្តិភាព​ ស្ថេរភាព​ និងការអភិវឌ្ឍ​រីកចម្រើន ​លូតលាស់លើគ្រប់វិស័យ​​ ដូចសព្វថ្ងៃនេះ​ដែរ»

នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើ​ដល់​សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងក្រុមយុវជនខបួន ត្រូវបន្តសកម្មភាពសប្បុរសធម៌ និងបន្តរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើន ជាពិសេសអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ និងបទបញ្ជា​​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​។

បន្ទាប់ពីចប់កម្មវិធីសំណេះសំណាលរួចមក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ក្រុមយុវជន ស្រលាញ់សន្តិភាព និងក្រុមយុវជនខបួន ដែលមកពីតាមបណ្តាខេត្ត ព្រមទាំងបានរៀបចំបាយសាមគ្គី និង​រាំកំសាន្ត​ក្នុងបរិយាកាសយ៉ាងស្និតស្នាល និងសប្បាយរីករាយផងដែរ៕

Related Posts

About The Author

Add Comment

error: Content is protected !!