នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ៖ ពិតជាមានការចាប់ខ្លួន ប៊ុត សីហា ប្រាកដមែននៅពេលកំពុងទៅទិញថ្នាំញៀនដើម្បីជក់ ប៉ុន្តែហៅគ្រួសារមកធានាយកទៅវិញ ដើម្បីអប់រំនិងបន្សាបគ្រឿងញៀន

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានបញ្ជាក់នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលរបស់លោកពិតជាបានចាប់ខ្លូនលោក ប៊ុត សីហា ដែលជាម្ចាស់ជយលាភី The Voice Cambodia រដូវកាលទី១ ពិតប្រាកដមែន នៅពេលដែលរូបគេ កំពុងទៅទិញគ្រឿងញៀនដើម្បីជក់ ហើយធ្វើដំណើរដល់មុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមថា នៅពេលសួរនាំនិងរកឃើញថា ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធការជក់ និងប្រើប្រាស់គ្រឿងញៀននោះ លោកបានចាត់ចែងឲ្យកម្លាំងជំនាញទាក់ទង ទៅអាណាព្យាបាលនិងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបានចាប់ខ្លួន ម្ចាស់ជ័យលាភី The Voice  Cambodia រដូវកាលទី១ ប៊ុត សីហា កាលពីចុងឆ្នាំ២០១៤ សង្ស័យពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន៕

Related Posts

About The Author

Add Comment

error: Content is protected !!