នាយឧត្តមសេនីយ៍ ប៉ុល សារឿន៖ សម្តេចតេជោ ហ៊ុន សែន ខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើជាតិ ប្រជាជន និងពុះពារឧបសគ្គ គ្រប់បែបយ៉ាងដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបំពាក់ឋានន្តរសក្តិជូននាយទាហានចំណុះអគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំធ្វើពលិកម្ម គ្រប់បែបយ៉ាង ដើម្បីបម្រើជាតិ និងប្រជាជនជាពិសេស បានខិតខំប្រឹងប្រែងយកអស់នូវកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ពុះពារឧបសគ្គលំបាកគ្រប់ បែបយ៉ាងក្នុងការដឹកនាំស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យទទួលបាននូវសុខសន្តិភាពពេញបរិបូណ៍។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងថា លើសពីនេះទៀត សម្តេចបានខិតខំពុះពារ នូវរាល់ឧបសគ្គការលំបាកគ្រប់បែបយ៉ាងក្នុងការពារស្តា និងកសាងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសបានលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការដាក់ចេញ នូវគោលនយោបាយជាតិមួយដ៏ត្រឹមត្រូវ និងការកែទម្រង់ស៊ីជម្រៅដើម្បីកសាងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ និងបានលើកកម្ពស់កិត្តិយសជាតិ ឲ្យឈរយ៉ាងខ្ពស់ត្រដែត ជាមួយបណ្តាប្រទេស ក្នុងតំបន់និងពិភពលោក។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបន្តយ៉ាងដូច្នេះថា ប្រវត្តិសាស្រ្តបានប្រាប់យើងច្បាស់ថា បដិវត្តន៍ពណ៌បាន និងកំពុងបំផ្លិចបំផ្លាញ ប្រទេសជាច្រើន នៅលើពិភពលោក។ ភាពខ្លោចផ្សារ វិនាសកម្ម និងភាពខ្ទេចខ្ទាំពីបដិវត្តន៍ពណ៌នៅស្រស់ៗ នៅឡើយហើយគ្មានអ្នកណា ចេញមុខទទួលខុសត្រូវ ចំពោះសោកនាដកម្មនេះទេ។ កម្ពុជាធ្លាប់ បានពុះពារយ៉ាងលំបាកក្នុងការរំលាយចោលអង្គការចាត់តាំង ខ្មែរក្រហម ទម្រាំបង្កើតបាននូវសន្តិភាព ដែលមានតម្លៃដ៏ពិសិដ្ឋសម្រាប់ស្ថិរភាពជាតិនិងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍកម្ពុជាដូចសព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ថា ព្រឹត្តិការណ៍ជាឧទាហរណ៍ទាំងអស់នេះ ការធ្វើបដិវត្តន៍ពណ៌ ទោះក្នុងរូបភាពណាក៏ដោយ មិនអាចកើតមាននៅលើទឹកដីកម្ពុជាជាដាច់ខាត។ ទោះក្នុងតម្លៃណាក៏ដោយ យើងបន្តខិតខំថែរក្សាការពារនូវសុខ សន្តិភាព ស្ថិរភាពសង្គម ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ និងនាំមកនូវសុខដុមរមនា ភាពសម្បូររុងរឿងជូនប្រជាពលរដ្ឋកម្ពុជាជានិច្ចនិរន្តរ៍៕

Related Posts

About The Author

Add Comment

error: Content is protected !!