នាយឧត្តមសេនីយ៍ គន់ គីម ចុះពិនិត្យស្ថានភាពផ្ទាល់នៅតាមបន្ទាត់ព្រំដែន ​តំបន់អូរអាឡៃ-អូរតាង៉ាវ ក្នុងស្រុកសៀមប៉ាង

ស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង ​នាយសេនាធិកាចម្រុះ​នៃកងយោធាពលខេមរភូមិន្ទ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ អញ្ជើញចុះពិនិត្យផ្ទាល់ និងសួរសុខទុក្ខកងទ័ពនៅតាម​បន្ទាត់ព្រំដែន​កម្ពុជា-ឡាវ តំបន់អូរអាឡៃ និងអូរតាង៉ាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ក្រៅពីការចុះសួរសុខទុក្ខដល់កងទ័ព នៅតំបន់ជួរមុខនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានដឹកនាំរៀប​ចំការងារមួយចំនួន ដើម្បីត្រៀមទទួល លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារ ដែលនឹង​ចុះទៅតំបន់នោះនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ស្អែកនេះផងដែរ។

នៅចំពោះមុខកងទ័ពជាច្រើននាក់ ដែលកំពុងការពារព្រំដែននាតំបន់ប្រាសាទព្រះវិហារ ​នាយឧត្តមសេនីយ៍ គន់ គីម ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោក នាយករដ្ឋ​មន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះវីរៈយុទ្ធជនផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រាប់អំពីស្ថានភាពនយោបាយរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយ​បញ្ជាឱ្យកងទ័ពរក្សាជំហរ គោរពវិន័យឱ្យមាំមួន និងត្រៀមជានិច្ចដើម្បីស្ដាប់បទបញ្ជារបស់មេបញ្ជាការ ៕

Related Posts

About The Author

Add Comment

error: Content is protected !!