នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ ការនាំចូលគ្រឿងញៀនពីតំបន់ច្រកព្រំដែនឡាវ នៅតែមានអត្រាខ្ពស់ជាងតំបន់ផ្សេងៗ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ឲ្យបង្កើនការទប់ស្កាត់ការ នាំចូលគ្រឿងញៀន ពីច្រកព្រំដែនឡាវបន្ថែមទៀត ខណៈការនាំចូលគ្រឿងញៀន ពីតំបន់ភាគឦសាន្តនេះ នៅតែមានកម្រិតខ្ពស់ជាងតំបន់ផ្សេងៗទៀតនោះ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានលើកឡើងថា «ការនាំចូលនូវគ្រឿងញៀនពីតំបន់ច្រកព្រំដែនឡាវ នៅតែមានអត្រាខ្ពស់ជាងតំបន់ផ្សេងៗ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់នូវតំបន់នេះ ឲ្យបានខ្លាំងក្លាបន្ថែមទៀត»

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា «ការនាំចូលនូវគ្រឿងញៀនពីតំបន់ព្រំដែនឡាវ និងផ្លូវអាកាសនៅតែច្រើនជាងគេ ជាក់ស្តែងកាលពីឆ្នាំ២០១៧កន្លងទៅនេះ អាជ្ញាធរសមត្ថកិច្ចចាប់រឹបអូសគ្រឿងញៀនពីច្រកព្រំដែននោះ បានប្រមាណជាងមួយរយគីឡូក្រាម។ យ៉ាងណាក៏ដោយ តាមផែនការនៅឆ្នាំ២០១៨នេះ ត្រូវតែនាំគ្នាខិតខំទប់ស្កាត់ និងពង្រឹងនៅច្រកនោះបន្ថែមទៀត ដើម្បីសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋខ្មែរ»

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបញ្ជាក់ថា «បណ្តាខេត្តនៅភាគឦសាន្តប្រទេសនៅតែជាខេត្ត ដែលបន្តមានសកម្មភាពលួចចរាចរ នាំចូលគ្រឿងញៀនដោយ ខុសច្បាប់ទោះ បីយើងបង្រ្កាបបានចំករណីធំៗ និងកាត់ផ្តាច់ខ្សែរយៈទាក់ទងជាច្រើនហើយក៏ដោយ។ ឧក្រិដ្ឋជនអន្តរជាតិនៅតែព្យាយាមប៉ុនប៉ងប្រើប្រាស់កម្ពុជា ធ្វើជាប្រទេសផលិតកែច្នៃ និងឆ្លងកាត់គ្រឿងញៀនខុសច្បាប់តាមគ្រប់រូបភាពទាំងផ្លូវគោក ទឹក និងអាកាស»

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កាលពីឆ្នំា២០១៧កន្លងទៅនេះ បទល្មើសគ្រឿងញៀនបង្រ្កាបបាន៨.១៧៣ករណី បើប្រៀបធៀបឆ្នាំ២០១៦កន្លងទៅមានការកើនឡើង ៩២,៤៨ភាគរយ ដែលឆ្នាំ២០១៦ មានត្រឹមតែ៤.២៤៦ករណីនោះ។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា ជនសង្ស័យឃាត់ខ្លួនបានចំនួន១៧.៧៩៥នាក់ កើនឡើងចំនួន៧.៨៦២នាក់ បើធៀបនឹងឆ្នាំ២០១៦ ហើយរឹបអូសគ្រឿងញៀនពីជនល្មើសបានជិតបីរយគីឡូក្រាម។ ដោយឡែកសម្រាប់ឆ្នាំ២០១៧នេះ ក្រុមការងារបានបន្សាបគ្រឿងញៀន ដល់អ្នកញៀនគ្រឿងញៀន បានប្រមាណជាងមួយម៉ឺននាក់ផងដែរ ហើយបានបញ្ជូនឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ​ ចំនួនជាងប្រាំបីពាន់នាក់ ប៉ុន្តែក្នុងចំណោមជាងប្រាំបីពាន់នាក់ ដែលបានបញ្ជូនទៅផ្ទះវិញនោះបានលាប់ឡើងវិញចំនួនជាងមួយពាន់នាក់។

យ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា តួលេខនេះនៅតែមានភាពស្រពិចស្រពិល រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយ និងមន្រ្តីអនុវត្តន៍តាមមូលដ្ឋាន។

សូមជម្រាបថា នៅឆ្នាំ២០១៧ កម្លាំងមន្ត្រីអនុវត្តន៍ច្បាប់ ប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៨១៥២ករណី ឃាត់មនុស្ស១៧,៨៧៧នាក់ (ស្រី១,៥៨២នាក់) ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង១៧៣គីឡូក្រាម និង៨៨៦កញ្ចប់ និងកញ្ឆាក្រៀមជាង១១៣គីឡូក្រាម និង២៧៥,៨១៥ដើម៕

Related Posts

About The Author

Add Comment

error: Content is protected !!