នាយករដ្ឋមន្ត្រី​ ថៃ​ជំរុញ​ឲ្យ​ស្ថាប័ន​សភា​កម្ពុជា​ និង​ថៃ​មាន​កិច្ច​សហប្រតិបត្តិការ​ឲ្យកាន់តែល្អប្រសើ

ភ្នំពេញ ៖ ​នៅ​ក្នុង​ថ្ងៃទី​២ ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​ថៃ​ ដែល​ត្រូវ​ នឹង​ថ្ងៃទី​២​ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា ​បាន​ចូល​ ជួប​សម្ដែង​ការ​គួរសម​ជា​មួយ​ ឯកឧត្តម ប្រា​យុទ្ធ ច័ន្ទ​អ៊ូ​ចា ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​ថៃ​។​ជាមួយ​គ្នា​នេះ​នាយករដ្ឋមន្ត្រី​ ថៃ​ជំរុញ​ឲ្យ​ស្ថាប័ន​សភា​កម្ពុជា​ និង​ថៃ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​។

ឯកឧត្តម ​ប្រា​យុទ្ធ​ ច័ន្ទ​អ៊ូ​ចា ​នាយករដ្ឋមន្ត្រី​ថៃ​ បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ​និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ​សម្តេច​ប្រធានរដ្ឋសភា នៅ​ប្រទេស​ថៃ​។ ​ក្នុងនាម​នាយករដ្ឋមន្ត្រី​ និង​រដ្ឋសភា​ថៃ ​ ឯកឧត្តម​ សូម​គាំទ្រ​ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហប្រតិបត្តិការ​គ្នា​ដ៏​ល្អ ​នៃ​ស្ថាប័ន​សភា​ប្រទេស​ទាំងពីរ​។ ​ឯកឧត្តម ​សូម​ជំរុញ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងពីរ​ប្រទេស ​ត្រូវ​ខិតខំ​ថែរក្សា និង​ជំរុញ​ទំនាក់ទំនង​នេះ​ ឲ្យ​កាន់តែ​ល្អ រឹងមាំ​បន្ថែមទៀត​។

ឯកឧត្តម ប្រា​យុទ្ធ ច័ន្ទ​អ៊ូ​ចា ​បាន​មានប្រសាសន៍​បន្តថា ​ទំនាក់ទំនង​ប្រទេស​ថៃ ​និង​កម្ពុជា​ នាពេល​បច្ចុប្បន្ន​នេះ​ មានការ​រីកចម្រើន​ខ្លាំង​ណាស់​ មិន​ធ្លាប់​មាន​ពីមុនមក​ទេ​។ ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ថៃ ឯកឧត្តម ​បាន​ជួបពិភាក្សា​ការងារ​ជាច្រើន​លើក​ជាមួយ​ សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​ពី​បញ្ហា​ព្រំដែន បញ្ហា​ពាណិជ្ជកម្ម​។ ​នៅក្នុង​ជំនួប​ទាំងនោះ​ម្តងៗ​ មាន​ផ្លែផ្កា​ជា​វិជ្ជមាន​។​ ឯកឧត្តម ​នាយករដ្ឋមន្ត្រី បាន​អះអាងថា​ ប្រទេស​ថៃ​ខិតខំ​ថែរក្សា​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ខ្លួន​ ហើយ​នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​២០១៨​នេះ​ ពលករ​ខ្មែរ​នឹង​អាច​ទទួល​បាន​នូវ​ឯកសារ​ស្របច្បាប់​។

ឯកឧត្តម​ នាយករដ្ឋមន្ត្រី ​ ប្រា​យុទ្ធ ច័ន្ទ​អ៊ូ​ចា​ បាន​លើកឡើងថា​ ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស នឹង​កាន់​តែ​មាន​លក្ខណៈ​ងាយស្រួល​បន្ថែមទៀត​ នាពេល​ខាងមុខនេះ ​ដោយសារតែ​ការ​តភ្ជាប់​ផ្លូវ​រថភ្លើង​កម្ពុជា ថៃ​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ​បាន​ថ្លែងអំណរគុណ ​ចំពោះ​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​របស់​ឯកឧត្តម ​នាយករដ្ឋមន្ត្រី ដែល​បាន​វាយតម្លៃ​ខ្ពស់​អំពី​វឌ្ឍនភាព ​នៃ​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​យើង​ទាំងពីរ​ (​កម្ពុជា​-​ថៃ​)​ និង​សមិទ្ធផល​នានា​ដែល​ប្រ សូត្រ​ចេញពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដោយ​បាន​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជារាស្ត្រ​ទាំងសងខាង​។

ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា ​សម្តេច​ក៏បាន​វាយ​តម្លៃ​ខ្ពស់ ​និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​រាជរដ្ឋាភិបាល ​និង​ប្រជារាស្ត្រ​ថៃ​សម្រេច​បាន​ ក្នុង​ការ​កសាង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ​ឆ្ពោះទៅ​សង្គម​មួយ​កាន់​តែ​មាន​ភាព​ជឿន​លឿន ​និង​ស៊ី​វិល័យ ​ក្រោម​ព្រះរាជ​កិច្ច​ដឹកនាំ​ដ៏​ថ្លៃថ្លា​របស់​អង្គ​ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៏ ​និង​រូប​ឯកឧត្តម​ ផ្ទាល់​ជា​នាយករដ្ឋមន្ត្រី​។

សម្តេច​ប្រធានរដ្ឋសភា ​បាន​សម្ដែង​នូវ​ក្តី​រីករាយ​ ពេញចិត្ត ​ដោយ​សង្កេត​ឃើញថា ​ទំនាក់ទំនង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ មានការ​រីកចម្រើន​ខ្លាំង​ទាំង​វិស័យ​នយោបាយ ការទូត សេដ្ឋកិច្ច ​ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ​ទេសចរណ៍ ​រួមទាំង​វិស័យ​ផ្សេងៗ​ទៀត​។ ​ទាំងនេះ​មិន​ត្រឹមតែ​បាន​នាំមក​នូវ​ផ្លែផ្កា​សម្រាប់​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​ដល់​ការថែរក្សា​សុខសន្តិភាព​ ស្ថិរភាព និង​ការ​អភិវឌ្ឍ​ទាំង​ក្នុង​តំបន់ និង​សកលលោក​ផងដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ ​សម្តេច​ប្រធានរដ្ឋសភា​ បាន​ពាំ​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ចំពោះ​ ឯកឧត្តម នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​គ្រប់រូប​ នៃ​ព្រះរាជាណាចក្រ​ថៃ​ នាឱកាស​នេះ​ផងដែរ​។

ឯកឧត្តម ប្រា​យុទ្ធ ច័ន្ទ​អ៊ូ​ចា ក៏បាន​វាយតម្លៃ​និង​កោតសរសើរ​ចំពោះ​ពលី​កម្ម​របស់ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដែល​បាន​ចូលរួមចំណែក​ក្នុង​ការ​ដឹកនាំ និង​កសាង​ប្រទេស​កម្ពុជា​រហូតមក​។ ឯកឧត្តម​ បាន​ជូនពរ​ឲ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​រដ្ឋសភា​នីតិកាល​ទី​៦ នាពេល​ខាងមុខនេះ​៕ដោយ៖BTV

Related Posts

About The Author

Add Comment

error: Content is protected !!