ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី ប្ដេជ្ញាពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ​ រវាងប្រទេសទាំង២ឲ្យកាន់តែ​ខ្លាំងក្លាបន្ថែមទៀត

(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី បានប្ដេជ្ញារួមគ្នាថានឹងពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង២ឲ្យកាន់តែ​ខ្លាំងក្លាបន្ថែមទៀត។

ការប្ដេជ្ញារួមគ្នារវាងធនាគារទាំង២នេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា​ និងធនាគារកណ្ដាលម៉ាឡេស៊ី នាថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ២០១៨។

ការប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Muhammad bin Ibrahim ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី។ កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានប្រារព្វឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព, មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងពីរ។

កន្លងមកធនាគារកណ្តាលម៉ាឡេស៊ី បានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស របស់ធនាគារជាតិកម្ពុជាតាមរយៈ​ការផ្តល់នូវវគ្គបណ្តុះបណ្តាលនានាក៏ដូចជាការចុះទស្សនកិច្ចសិក្សាផ្ទាល់ទៅធនាគារកណ្តាលម៉ាឡេស៊ីផងដែរ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ីក៏បានរួមគ្នាបង្កើត Supervisory College ដើម្បីពង្រឹងប្រសិទ្ធភាពនៃការត្រួតពិនិត្យ ធនាគារឆ្លងប្រទេសទាំងពីរ មកទល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ប្រកបដោយភាពល្អប្រសើរ និងបានរួមចំណែក ជំរុញដល់ការរីកចម្រើននៃវិស័យធនាគារ ក្នុងប្រទេសទាំងពីរ។

កាលពីឆ្នាំ២០១០ កន្លងទៅធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀគ្នាលើ អនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ បច្ចេកទេសទៅលើការត្រួតពិនិត្យធនាគារ, ប្រព័ន្ធទូទាត់និងផាត់ទាត់, គោលនយោបាយរូបិយវត្ថុ និងការវិភាគម៉ាក្រូសេដ្ឋកិច្ច។ ក្នុងកិច្ចប្រជុំនោះ គណៈប្រតិភូទាំងពីរភាគី បានពិភាក្សានិងផ្លាស់ប្តូរយោបល់ និងព័ត៌មានអំពីវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការដែលសម្រេចបាន​មកទល់បច្ចុប្បន្ន ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងអភិបាលកិច្ច និងរចនាសម្ព័ន្ធរបស់ ធនាគារកណ្តាលទាំងពីរ។

បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បាននិងកំពុងរីចម្រើនយ៉ាងឆាប់រហ័ស ក្នុងវិស័យហិរញ្ញវត្ថុ ធនាគារកណ្តាលទាំងពីរបានបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មបង្កើនប្រសិទ្ធភាព និងសក្ត័សិទ្ធភាព​នៃវិស័យហិរញ្ញវត្ថុ របស់ប្រទេសទាំងពីរ ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។

លើសពីនេះ ធនាគារកណ្តាលទាំងពីរក៏បានប្តេជ្ញា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ទៅលើការត្រួតពិនិត្យធនាគារ និងការសិក្សាស្រាវជ្រាវ ។ល។ ដើម្បីអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យធនាគារ សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរប្រកបដោយចីរភាព៕ដោយៈFresh News

Related Posts

About The Author

Add Comment

error: Content is protected !!