ទីបំផុតលោក ដូណាល់ ត្រាំ «ប្រកាស​ដកតំណែង​ លោក McMaster» ទីប្រឹក្សាសន្តិសុខជាតិ ប្រចាំសេតវិមាន!

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមន្រ្តីជា​ច្រើនរូបមកហើយ​ បានដើរចេញ​ក៏ដូចជាត្រូវបញ្ឈប់​ពីតំណែង ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀត​បានបន្តប្រកាស​ដក​លោក ម៉ាកម៉ាស្ទឺរ (McMaster) ដែលជាទីប្រឹក្សា​សន្តិសុខជាតិ​របស់លោក ចេញពីតំណែង ហើយជ្រើសតាំង លោក ចន បូលតុត (John Bolton) អតីតឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​អង្គការ​សហប្រជាជាតិ (UN) ឲ្យ​​កាន់​​មុខ​​តំណែងដ៏​សំខាន់នេះ​ជំនួសវិញ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។

ការប្រកាសដំណឹង​ផ្លូវការនេះ ត្រូវបានធ្វើឡើង​ដោយលោកប្រធានាធិបតី​អាមេរិកផ្ទាល់ តាមរយៈបណ្តាញ​ទំនាក់ទំនង​សង្គម Twitter ដោយ​ក្នុង​ឱកាស​នោះ លោក ត្រាំ បានថ្លែងកោត​សរសើរចំពោះគុណ​បំណាច់របស់ លោក McMaster ដែលបានបំពេញ​តួនាទីយ៉ាងល្អប្រសើរ​​ជូន​ជាតិ។ បើតាមការ​បញ្ជាក់ពី លោក ដូណាល់ ត្រាំ ការផ្លាស់ប្តូរ​តំណែងនេះ នឹងចូលជាធរមាន​នៅថ្ងៃទី០៩ ខែមេសា​ខាងមុខ។

គួរជម្រាបថា កាលពី​សប្តាហ៍មុន សារព័ត៌មាន​អាមេរិក The Washington Post ក៏ធ្លាប់បាន​ចុះផ្សាយម្តងរួចមក​ហើយថា លោក ត្រាំ បាន​សម្រេច​បញ្ឈប់លោក McMaster ពីមុខ​តំណែង ហើយបានជជែក​ពិភាក្សាយ៉ាង​មមាញឹក ចំពោះបេក្ខភាព​ដែលនឹងមកជំនួស​រូបលោក ដែល​ព័ត៌មាន​នោះ បានលេចធ្លាយ​ឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុខ (Rex Tillerson) ត្រូវបានដកចេញ​ពី​​មុខ​តំណែង។

ដោយឡែក លោក John Bolton វិញ នឹងក្លាយជាទីប្រឹក្សា​សន្តិសុខជាតិ​ទីបីរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពី​លោក McMaster និង​លោក ម៉ៃឃើល ហ្វ្លីន (Michael Flynn)៕

Related Posts

About The Author

Add Comment

error: Content is protected !!