ទីក្រុងប៉េកាំង «ប្រតិកម្មខ្លាំងៗ​ទៅកាន់​អាមេរិក» បន្ទាប់ពី​នាវាពិឃាត Mustin ចល័ត​ទៅជិតដែន​កោះ​ជម្លោះ!

(ប៉េកាំង)៖ រដ្ឋាភិបាល​ទីក្រុងប៉េកាំង បានទទូចស្នើឲ្យ​សហរដ្ឋអាមេរិក បញ្ឈប់នូវអ្វីដែល​ខ្លួនបានចាត់ទុកថា ជាសកម្មភាព​បង្កហេតុ នៅដែន​សមុទ្រ​ចិន​ខាងត្បូង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។

រដ្ឋាភិបាលចិន​បានលើក​ឡើងថា សកម្មភាព​ដដែលៗ ដូចជាការបញ្ជូន​នាវាចម្បាំង មកកាន់តំបន់​សមុទ្រចិន​ខាងត្បូង គឺកំពុង​បំផ្លិចបំផ្លាញសុខសន្តិភាព ​ព្រមទាំងស្ថិរភាព​នៅក្នុងតំបន់ ហើយប៉ពាល់ជាខ្លាំង​ដល់ទំនាក់ទំនង​ទ្វេភាគី។ ប្រទេសចិន បានសម្តែងការ​ជំទាស់ប្រឆាំង​នឹង​​សហរដ្ឋអាមេរិក បន្ទាប់ពីនាវា​ពិឃាតអាមេរិក Mustin បានធ្វើដំណើរ​មកក្បែរប្រជុំកោះ​មានជម្លោះ ដែលស្ថិតក្នុង​តំបន់សមុទ្រ​ចិនខាងត្បូង។

គួរជម្រាបថា តាមរយៈអ្នកនាំ​ពាក្យក្រសួង​ការបរទេសចិន ទីក្រុងប៉េកាំង បានទាមទារ​ឲ្យអាមេរិក បញ្ចប់សកម្មភាព​បង្កហេតុ​ទាំងឡាយ ដែលរំលោភ​លើអធិបតេយ្យភាព​របស់ចិន ហើយបង្កការ​គំរាមកំហែង​ជាខ្លាំង ចំពោះ​សន្តិសុខជាតិ​របស់ខ្លួន។ អ្នកនាំពាក្យ​ក្រសួងការ​​បរ​ទេសចិន លោកស្រី Hua Chunying បានអំពាវនាវ​ឲ្យទីក្រុង​វ៉ាស៊ីនតោន មានការគោរព​ចំពោះកិច្ចប្រឹងប្រែង នៃបណ្តាប្រទេស​នៅក្នុងតំបន់ ដែលបាន​កំណត់គោលដៅ ថែរក្សាសុខ​សន្តិភាព និងស្ថិរភាព នៅសមុទ្រ​ចិនខាងត្បូង៕

Related Posts

About The Author

Add Comment

error: Content is protected !!