តើកូរ៉េខាងត្បូង គួរតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដែរឬទេ?

(សេអ៊ូល)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្មានប្រធានាធិបតីកូរ៉េខាងត្បូងណាម្នាក់ផ្តួចផ្តើមគំនិតផលិតអាវុធនុយក្លេអ៊ែរនោះឡើយ ហើយផែនការនេះក៏មិនត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាសំខាន់ៗដូចគ្នា។ ប៉ុន្តែក្នុងបរិបទបច្ចុប្បន្ន អ្វីៗបានផ្លាស់ប្តូរជាក់ស្តែងកាលពីខែកញ្ញាកន្លងទៅនេះ កិច្ចពិភាក្សាមួយស្តីពីតម្រូវការក្នុងការបង្កើតកម្មវិធីនុយក្លេអ៊ែរ បានក្លាយជាប្រធានបទសំខាន់មួយដែលត្រូវបានគេលើកឡើងក្នុងទីក្រុងសេអ៊ូល។ លើសពីនេះទៅទៀតនោះ ការស្ទង់មតិសាធារណៈបានបញ្ជាក់ថា ភាគច្រើននៃប្រជាពលរដ្ឋកូរ៉េខាងត្បូង ពិតជាគាំទ្រគំនិតអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដោយលទ្ធផលនៃការស្ទង់មតិបង្ហាញថា ៦០ភាគរយគាំទ្រ «ជម្រើសផលិតអាវុធនុយក្លេអ៊ែរ»

ការពិតទៅនៅអំឡុងទសវត្សឆ្នាំ១៩៧០ ប្រទេសកូរ៉េខាងត្បូង ធ្លាប់បានអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរដោយលួចលាក់ម្តងដែរ ដោយកម្មវិធីនេះឈានដល់កំរិតខ្ពស់គួរសម។ ជាអកុសលបន្ទាប់ពីសហរដ្ឋអាមេរិកដឹងពីរឿងនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យរដ្ឋាភិបាលក្រុងសេអ៊ូលលុបបំបាត់ចោលទៅវិញ។ ចាប់តាំងពីពេលនោះមក គំនិតក្នុងការអភិវឌ្ឍន៍នុយក្លេអ៊ែរ ត្រូវបានចាត់ទុកថា ជាបញ្ហាក្រៅនយោបាយ។

យ៉ាងនេះក្តី កាលពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ រដ្ឋាភិបាលក្រុង សេអ៊ូល ចាប់ផ្តើមគិតពីបញ្ហានេះជាថ្មី បន្ទាប់ពីប្រទេសកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលអន្តរទ្វីប (ICBMs) បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងប្រកាសថា ជាអាវុធដែលមានសមត្ថភាពវាយប្រហារដែនដីមហាអំណាចអាមេរិកបាន។ ក្នុងរយៈពេលត្រឹមប៉ុន្មានឆ្នាំ កូរ៉េខាងជើងនឹងក្លាយជាប្រទេសចុងក្រោយ ដែលមានសមត្ថភាពកំទេចទីក្រុង សាន់ហ្វ្រានស៊ីស្កូ ឬឈីកាហ្គោ បានយ៉ាងងាយ ប្រសិនបើកូរ៉េខាងជើង ពិតមានបំណងចង់ធ្វើបែបនេះមែននោះ។ សម្រាប់ប្រជាជនកូរ៉េខាងត្បូង ភាពឈានមុខថ្មីនេះ ត្រូវបានចាត់ទុកថាជាការក្រើនរំលឹកមួយដ៏គួរឱ្យព្រួយបារម្ភ។

ការសន្និដ្ឋានជាសកលអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះបង្ហាញថា សហរដ្ឋអាមេរិកនឹងការពារប្រទេស កូរ៉េខាងត្បូង ក្នុងករណីសម្ព័ន្ធមិត្តរបស់ខ្លួនរងការវាយប្រហារពីសំណាក់ប្រទេសកូរ៉េខាងជើង។ ជាព្រឹត្តិការណ៍សង្គ្រាមកូរ៉េឆ្នាំ១៩៥០ជាភស្ថុតាងស្រាប់ ដោយបងធំអាមេរិកបានធ្វើជាខ្នងបង្អែកដ៏កក់ក្តៅការពារប្រទេស កូរ៉េខាងត្បូង។ តែទោះជាយ៉ាងនេះក្តី គ្រាប់មីស៊ីល ICBM របស់កូរ៉េខាងជើង អាចធ្វើឱ្យកូរ៉េខាងត្បូងត្រូវការទំនុកចិត្តកាន់តែខ្លាំងថែមទៀតពីសំណាក់សហរដ្ឋអាមេរិក។ ពេលនេះជនជាតិកូរ៉េខាងត្បូងចាប់ផ្តើមមានភាពមន្ទិលថា តើសហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញាការពារកូរ៉េខាងត្បូងដោយមិនគិតខ្វល់ពីអាយុជីវិតទាហានអាមេរិករាប់ពាន់នាក់ ដែលត្រូវគេសម្លាប់ដែរឬទេ?

ប្រសិនបើសហរដ្ឋអាមេរិកមិនអាចពឹងផ្អែកតទៅទៀតបានទេនោះ ហេតុនេះកូរ៉េខាងត្បូងចាំបាច់ត្រូវការពារខ្លួនឯង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon បានលើកឡើងថា អ្នកគាំទ្ររបស់លោកមិនយល់ស្របនឹងកម្មវិធីអាវុធនុយក្លេអ៊ែរក្នុងស្រុកនោះទេ ប៉ុន្តែលោកក៏ត្រូវប្រឈមនឹងការពិតផងដែរ ដោយបច្ចុប្បន្នមានអ្នកនយោបាយជាច្រើន កំពុងនិយាយដោយបើកចំហអំពីលទ្ធភាពដែលអាចទៅរួចក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ តាមការសន្និដ្ឋាន អ្នកនយោបាយទាំងនោះភាគច្រើនសុទ្ធតែមកពីគណបក្សស្តាំនិយមដែលបច្ចុប្បន្នជាបក្សប្រឆាំង។

ទាក់ទងនឹងការផលិតអាវុធនុយក្លេអ៊ែរ កូរ៉េខាងត្បូងច្បាស់ជាមិនមានក្តីកង្វល់លើបញ្ហាថវិការ និងជំនាញបច្ចេកទេសដើម្បីដំណើរការនុយក្លេអ៊ែរនោះទេ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូង អាចនឹងខ្វះភាពជឿជាក់ក្នុងការជំនះលើឧបសគ្គនយោបាយ ដែលនឹងរារាំងគោលដៅនេះ។ យើងដឹងហើយថា កូរ៉េខាងត្បូងគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យ ហើយពឹងផ្អែកខ្លាំងលើវិស័យពាណិជ្ជកម្មបរទេស ចំណុចនេះអាចធ្វើឱ្យជម្រើសផលិតនុយក្លេអ៊ែរ ជួបការលំបាក។

កម្មវិធីនុយក្លេអ៊ែរ នឹងធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាគោលដៅ នៃការដាក់ទណ្ឌកម្មពីអន្តរជាតិ។ ជាពិសេស គឺប្រទេសចិនព្រោះថា ប្រសិនបើកូរ៉េខាងត្បូងក្លាយជា ប្រទេសនុយក្លេអ៊ែរ វានឹងបង្កការគំរាមកំហែងខ្លាំងដល់ប្រទេស ចិន ជាងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងទៅទៀត។ ដូច្នេះចិនច្បាស់ជាមិនឈរមើលកូរ៉េខាងត្បូង ក្លាយជាប្រទេសនុយក្លេអ៊ែរនោះឡើយ។

ដោយសារតែប្រទេសចិនគ្រប់គ្រងជាងមួយភាគបួននៃពាណិជ្ជកម្មក្រៅប្រទេស របស់ប្រទេសកូរ៉េខាងត្បូងនោះ ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពីសំណាក់រដ្ឋាភិបាលក្រុង ប៉េកាំង អាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសកូរ៉េខាងត្បូង។ ចំណាប់អារម្មណ៍ពាក់ព័ន្ធជម្រើសផលិតនុយក្លេអ៊ែរ ទំនងជាគ្មានប្រយោជន៍ឡើយ ប្រសិនបើពួកគេជួបវិបត្តិសេដ្ឋកិច្ច។

ម្យ៉ាងវិញទៀត តាមការវិភាគបានថ្លឹងថ្លែងថា ប្រសិនបើកូរ៉េខាងត្បូងកាន់កាប់អាវុធនុយក្លេអ៊ែរជារឿងល្អមួយដើម្បីបង្កើនសុវត្ថិភាពខ្លួនឯង ប៉ុន្តែវានឹងជំរុញឱ្យបណ្តារដ្ឋផ្សេងទៀតនៅអាស៊ីដូចជា ជប៉ុន ហុងកុង ហ្វីលីពីនជាដើម ចាប់ផ្តើមពិចារណាអំពីការផលិតអាវុធនុយកេ្លអ៊ែរដោយខ្លួនឯងផងដែរ ហើយពេលនោះវិបត្តិនុយក្លេអ៊ែរនឹងស្មុគស្មាញកាន់តែខ្លាំង។

ហេតុនេះការផលិតអាវុធនុយក្លេអ៊ែរប្រៀបបាននឹងកាំបិតមុខពីរសម្រាប់កូរ៉េខាងត្បូង។ ទន្ទឹមនឹងការការពារការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង អាវុធនុយក្លេអ៊ែរ ក៏នឹងផ្តល់បញ្ហាស្មុគស្មាញច្រើនដល់ប្រទេស កូរ៉េខាងត្បូង និងក្នុងតំបន់អាស៊ីទាំងមូល៕ដោយ៖freshnewsasia

 

Related Posts

About The Author

Add Comment

error: Content is protected !!