ឌូ​ទើ​តេ ប្រាប់​កងទ័ព​៖ «​បាញ់​ខ្ញុំ​ចោល​ទៅ បើ​ខ្ញុំ​ក្លាយជា​ជន​ផ្តាច់ការ​»

​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានចេញ​បញ្ជា​ឲ្យ​កម្លាំងប្រដាប់អាវុធ​ទាំងអស់​បាញ់សម្លាប់​លោក បើ​លោក​ហ៊ាន​បំពាន​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ហើយ​ក្លាយជា​ជន​ផ្ដាច់ការ​នោះ​។ បញ្ជា​របស់លោក ឌូ​ទើ​តេ ធ្វើឡើង ខណៈដែល​សម្ព័ន្ធមិត្តរ​បស់​លោក​នៅ​ស្ថាប័ន​នីតិបញ្ញត្តិ​កំពុង​រិះរក​ផ្លូវ​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល ហើយ​ការពង្រីក​អាណត្តិ​ប្រធានាធិបតី​៦​ឆ្នាំ​ក៏​ស្ថិតក្នុង​គម្រោង​កែប្រែ​នេះដែរ​។​

​​ប៉ូលិស និង​ទាហាន​ហ្វីលីពីនធ្លាប់តែ​ទទួលបញ្ជា​ឲ្យ​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន ឬ​ភេរ​វករ ពេលនេះ​ស្រាប់តែ​ទទួលបញ្ជា​ឲ្យ​សម្លាប់​ប្រធានាធិបតី​វិញ​ម្ដង​។ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​២២ ខែមករា បានចេញ​បញ្ជា​ដាច់​ណាត់​មួយ​ទៅកាន់​កងកម្លាំង​ទាំងអស់​ឲ្យ​បាញ់សម្លាប់​លោក​ភ្លាម បើ​លោក​ក្លាយជា​មេដឹកនាំ​ផ្ដាច់ការ ហើយ​បន្ត​កាន់តំណែង​ហួស​អាណត្តិ​រយៈពេល​៦​ឆ្នាំ​ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​នោះ​។​

​លោក ឌូ​ទើ​តេ ចេញ​បញ្ជា​បែបនេះ ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​របស់លោក​នៅ​សភា​បើក​ការពិភាក្សា​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៧ ដើម្បី​ប្ដូរ​ទៅ​អនុវត្ត​ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​បែប​សហព័ន្ធ​និយម​។ វិសោធនកម្ម​លើក​នេះ នឹង​អនុញ្ញាត​ឲ្យ​លោក ឌូ​ទើ​តេ អាច​កាន់តំណែង​ប្រធានាធិបតី​បន្តទៀត ទោះជា​អាណត្តិ​របស់លោក​ត្រូវ​ចប់​នៅត្រឹម​ឆ្នាំ​២០២២ ក្ដី​។ នៅ​ហ្វីលីពីន ប្រធានាធិបតី​មាន​អាណត្តិ​តែ​៦​ឆ្នាំ ហើយ​មិនអាច​បន្ត​ទៀតឡើយ​។

រូបភាព៖ EPA

«​ប្រសិនបើ​ខ្ញុំ​កាន់អំណាច​ហួស​អាណត្តិ ហើយ​ចង់​ក្លាយជា​ជន​ផ្ដាច់ការ បាញ់​ខ្ញុំ​ទៅ​។ ខ្ញុំ​មិន​និយាយ​កំប្លែង​ឡើយ​»​។ នេះ​ជា​បញ្ជា​របស់​មេដឹកនាំ​ដែលមាន​រហស្សនាម​មាត់​អត់​គម្រប ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Rappler ។ ចំពោះមុខ​ទាហាន​ហ្វីលីពីន​ក្នុង​បន្ទាយ​ទាហាន​មួយកន្លែង លោក ឌូ​ទើ​តេ បាន​ប្រាប់​ពួកគេ​ថា កា​ត្វ​កិច្ច​របស់​ទាហាន គឺ​ការពារ​រដ្ឋធម្មនុញ្ញ និង​មិន​អនុញ្ញាត​ឲ្យ​នរណាម្នាក់​រញ៉េរញ៉ៃ​បានឡើយ​។​

​តាមពិតទៅ ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បើកផ្លូវ​ដល់​ការអនុវត្ត​របប​សហ​ព័ន្ធ​និយម គឺជា​ការសន្យា​របស់លោក ឌូ​ទើ​តេ ផ្ទាល់ តាំងពី​ពេល​ឃោសនា​មកម្ល៉េះ ប៉ុន្តែ​លោក​មិនដែល​និយាយ​ដល់​រឿង​បន្ត​អាណត្តិ​ប្រធានាធិបតី​ឡើយ​។ បើតាម​លោក ឌូ​ទើ​តេ ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល មាន​គោលដៅ​កាត់​បន្ថយអំណាច​ប្រមូលផ្ដុំ​នៅ​រដ្ឋធានី​ម៉ានីល និង​ពង្រីក​អំណាច​របស់​រដ្ឋ​បាល​ថ្នាក់ក្រោម​ឲ្យ​មាន​សមភាព​ទាំង​ការងាររដ្ឋបាល និង​ហិរញ្ញវត្ថុ​។​

​យ៉ាងណាមិញ គម្រោង​កែ​រដ្ឋធម្មនុញ្ញ​នេះ​ក៏​រង​ការរិះគន់​ខ្លាំង​ដែរ​។ ក្រុម​អ្នក​រិះគន់​ចាត់ទុក​ផែនការ​នេះ​ជាការ​បន្តអំណាច​របស់​ក្រុម​សមាជិកសភា ឬក៏​ជាការ​បើកផ្លូវ​របស់​ក្រុម​អ្នក​សិទ្ធ​លោក ឌូ​ទើ​តេ ដើម្បី​ឲ្យ​ប្រធានាធិបតី​មាន​ប្រជាប្រិយភាព​រូបនេះ អាច​កាន់តំណែង​យូរ​ជាង​ការកំណត់​របស់​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​។ ប៉ុន្តែ​លោក ឌូ​ទើ​តេ ហាក់​គ្មាន​បំណង​អង្គុយ​កៅអី​ប្រធានាធិបតី​យូរ​ឡើយ ហើយ​ថែមទាំង​ធ្លាប់​និយាយថា លោក​អាច​លាលែង​មុន​អាណត្តិ​ទៀតផង​៕

Related Posts

About The Author

Add Comment

error: Content is protected !!