ជប៉ុនកំពុងចរចាទិញ «យន្តហោះចម្បាំង F-35 ជាច្រើនគ្រឿង» ដែលមួយ​គ្រឿង​តម្លៃ ១០០លានដុល្លារ!

​(តូក្យូ)៖ ជប៉ុន​កំពុងចរចា​​ទិញ យន្ដហោះចម្បាំងបំបាំងកាយ​អាមេរិក F-35 (F-35A​ និង F-35 B) ជាច្រើនគ្រឿង​ដើម្បីពង្រឹង វិស័យការពារដែនអាកាសរបស់ខ្លួន។ ប៉ុន្តែអ្នក​ជំនាញ​ដូចជា លោក ហ្គារែន មូលឡយ (Garren Mulloy) យល់ថា ការទិញយន្ដហោះ​ចម្បាំង​ទំាងនេះ នឹងធ្វើឱ្យជប៉ុន​ប្រឈមមុខនឹង​បញ្ហាជាច្រើន ក្នុងនោះរួមមាន​សារពើពន្ធ បច្ចេកវិទ្យា តាក់ទិច និងផ្នែកការទូត​ជាមួយប្រទេស ជិតខាង ជា​ពិសេស​គឺចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Asia Times កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។ 

ថ្លែងប្រាប់ Asia Times តាមរយៈសារ​អេឡិចត្រូនិច លោក Garren Mulloy សាស្ត្រាចារ្យផ្នែកទំនាក់​ទំនង​អន្តរជាតិ នៃសាកលវិទ្យាល័យ Daito Bunka University ក្នុងទីក្រុង Saitama ប្រទេស​ជប៉ុន​បានកត់សម្គាល់​ថា ជប៉ុន និងប្រទេស​ដទៃគួរតែមាន ការប្រយ័ត្ន​ខ្ពស់​ ក្នុងការពិចារណា​ទិញយន្ដហោះ​ចម្បាំង F-35 ​ពី​សហរដ្ឋអាមេរិក ពីព្រោះថា វានឹងធ្វើឱ្យពួក​គេជួបបញ្ហា​ប្រឈមជាច្រើន​​ទាំងបច្ចេកទេស និងភូមិសាស្ត្រ​នយោបាយ។ «តើគេអាចទុក​ចិត្តបច្ចេកវិទ្យា​អាមេរិក ដូចជាពីមុនដែរ ឬទេ?»។ នេះគឺជា ការចោទ​សួររបស់ លោក Mulloy។

លោក Mulloy បន្ថែមថា ជប៉ុនអាចនឹងជួបបញ្ហា​ប្រឈមជាច្រើនក្នុងនោះរួមមានទាំង សារពើពន្ធ បច្ចេកវិទ្យា តាក់ទិច និងផ្នែកការទូតជាមួយប្រទេសជិតខាងជាពិសេសគឺចិន បើសិនជាទីក្រុងតូក្យូទិញ F-35 ពីសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត ជប៉ុនខ្លួន​ឯង​​នៅ​មានតែបញ្ហាមួយទៀត នោះគឺថាតើនាវាផ្ទុក​ឧទ្ធម្ភាគចក្រ Izumo អាចមានលទ្ធភាព​ឱ្យយន្ដហោះ F-35 ចំនួន ១០​គ្រឿង ធ្វើប្រតិបត្តិការ​បានដែរ ឬទេ បើវា​​អាចត្រឹមតែ​​​បំពេញ​ប្រតិបត្តិការ​ ត្រឹមយន្ដហោះចម្បាំង ក្នុងចំនួនតិចតួចតែប៉ុណ្ណោះនោះ?

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ បានព្រមព្រៀងទិញយន្ដហោះចម្បាំង F-35A ចំនួន ៤២គ្រឿង ហើយបច្ចុប្បន្ន ​ទីក្រុងតូក្យូកំពុងពិចារណាទិញ​យន្ដហោះ​ប្រភេទនេះ ២០គ្រឿង បន្ថែមទៀត​ឱ្យគ្រប់ ៦២គ្រឿង។ មិនតែប៉ុណ្ណោះ នាពេលថ្មីៗនេះ​ក៏មានសេចក្ដី រាយការណ៍​ជាច្រើនថា​ ជប៉ុនកំពុងពិចារណា​ទិញយន្ដហោះ ​F-35B ផងដែរ។ សម្រាប់យន្ដហោះ F-35A មួយគ្រឿង​មានតម្លៃជាង ១០០លានដុល្លារ៕

 

Related Posts

About The Author

Add Comment

error: Content is protected !!