ចិន​គាំទ្រ​កិច្ចខិតខំប្រឹងប្រែង​របស់​កម្ពុជា​ក្នុងការ​ការពារ​ស្ថេរភាព​នយោបាយ​

​ចិន​គាំទ្រ​កិច្ចខិតខំ​របស់​កម្ពុជា​ដើម្បី​ការពារ​ស្ថេរភាព​នយោបាយ​និង​ជឿថា​កម្ពុជា​នឹង​រៀបចំ​ធ្វើការ​បោះឆ្នោត​នៅ​ឆ្នាំក្រោយ​​ដោយ​រលូន​,​នេះ​បើតាម​អ្វីដែល​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី បាន​ប្រាប់​សម​ភាគី​កម្ពុជា​ក្នុងជំនួប​នៅ​ក្រុង​ណៃ​ពី​ដោ បន្ទាប់ពី​គណ​​បក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ត្រូវបាន​តុលាការ​កំពូល​សំរេច​រំលាយចោល​។​

តុលាការ​កំពូលកម្ពុជា​កាលពី​ថ្ងៃ​១៦​វិច្ឆិកា​បានសំរេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​សម្រាប់​មន្ត្រី​ជាន់​​ខ្ពស់​របស់​បក្ស​នេះ​ជាង​១០០​នាក់​ជាហេតុ​នាំអោយ​អាមេរិក​ប្រកាស​ផ្តាច់ជំនួយ​សំរាប់​ការបោះឆ្នោត​និង​សហភាព​អឺរ៉ុប​គំរាម​ចាត់​វិធាន​​ការ​។​ទោះជា​យ៉ាងណា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​អះអាងថា​ខ្លួន​មាន​ថវិកា​គ្រប់គ្រាន់​សំរាប់​រៀបចំ​ការបោះឆ្នោត​ហើយ​​សម្តេច​តេ​ជោ បាន​ពន្យុះ​អោយ​អាមេរិក​កាត់​ផ្តាច់ជំនួយ​នេះ​ថែមទៀត​ព្រោះ​ការ​កាត់​ជំនួយ​របស់​អាមេរិក​មិន​ប៉ះពាល់​រាជរដ្ឋាភិបាល​កម្ពុជា​នោះឡើយ ផ្ទុយទៅវិញ​ជាការ​សម្លាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​បម្រើ​បន្ទាត់នយោបាយ​អាមេរិក​ទៅវិញ​ទេ​។​

​ជំនួប​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​វិច្ឆិកា នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប​នៅ​មី​យ៉ាន់​ម៉ា លោក​វ៉ាង បាន​ប្រាប់​សម​ភាគី​កម្ពុជា​លោក ប្រាក់ សុខុន ថា ចិន​គាំទ្រ​ចំណាត់ការ​របស់​កម្ពុជា​។​

​ចំណែក​ក្រសួងការបរទេស​ចិន​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​បាន​និយាយថា​«​ចិន​គាំទ្រ​កិច្ចខិតខំ​របស់​កម្ពុជា​ដើម្បី​ការពារ​ស្ថេរភាព​នយោបាយ​និង​សំរេចការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហើយ​មានជំនឿថា​រាជរដ្ឋាភិបាល​កម្ពុជា​អាចដឹកនាំ​ប្រជាជន​ប្រឈម​ដោះស្រាយ​​ការ​ប្រឈម​ទាំង​នៅក្នុង​និង​ក្រៅ​ស្រុក ព្រមទាំង​នឹង​រៀបចំ​ធ្វើការ​បោះឆ្នោត​នៅ​ឆ្នាំក្រោយ​ដោយ​រលូន​ថែមទៀត​»៕​ by: rasmeinews

Related Posts

About The Author

Add Comment

error: Content is protected !!