ចិនទទួលជោគជ័យធំលើការ «ធ្វើតេស្តយន្តហោះខ្នាតធំ អាចចុះចតក្នុងសមុទ្រ-ទន្លេបាន»

(ប៉េកាំង)៖ យន្តហោះធុន AG600 របស់ចិន ដែលមនុស្សជាច្រើន​បានអះអាងថាជា យន្តហោះ​អាច​ចុះ​ចត​លើ​ផ្ទៃ​ទឹក​​បាន​ដ៏​ធំ​មហិមាបំផុតលើលោកនោះ បានឆ្លងកាត់ការធ្វើ​តេស្ត​ហោះហើរលើកដំបូង ដោយជោគជ័យ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារ​ព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមសេចក្តីរាយការណ៍​របស់​សារព័ត៌មានចិន South China Morning Post យន្តហោះ​ដែលមានរហស្សនាម​ថា «នាគទឹក» ធុន AG600 Jiaolong នេះ​បានធ្វើ​ការហោះហើរ​សាកល្បង​ជាលើក​ដំបូង នៅលើដែន​សមុទ្រចិនខាងត្បូង​នា​ថ្ងៃអាទិត្យកន្លង​ទៅ​នេះ។

ជាមួយ​ម៉ាស៊ីនកង្ហារធំៗចំនួន ០៤គ្រឿង យន្តហោះនេះ​អាចធ្វើការហោះហើរ​ឡើងដោយ​ផ្ទុកទំនិញ​ដល់ទៅទម្ងន់ ៥៣.៥តោន ​នៅ​លើវាបាន និងអាចហោះបាន​ចម្ងាយឆ្ងាយបំផុត ៥,៦៣៣គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ជា ១១គីឡូម៉ែត្រ និងក្នុងល្បឿន​ ៥៦៣គីឡូ​ម៉ែត្រ​​ក្នុងមួយម៉ោង។ ក្រៅពីនេះ យន្តហោះ AG600 ក៏អាច​ប្រមូលយកទឹក​បានជិត ៥,០០០លីត្រ ក្នុងពេលត្រឹម ២០វិនាទី​ប៉ុណ្ណោះ​ ដែលត្រូវអាច​ប្រើប្រាស់ ដើម្បីពន្លត់ភ្លើងឆេះព្រៃ​បាននាពេល​ក្រោយ។

គួរជម្រាបថា យន្តហោះចុះ​លើផ្ទៃទឹក​របស់ចិន ដែលមានទទឹង​ពីចុងស្លាបម្ខាង​ទៅម្ខាង​មានប្រវែង ៣៩ម៉ែត្រ និង​ពី​ក្បាលដល់​កន្ទុយ​​ប្រវែង​ជិត ៣៧ម៉ែត្រ​នេះ ត្រូវបាន​មនុស្សជាច្រើន​អះអាងថា ជាយន្តហោះ​ដែលអាចចុះចត​លើផ្ទៃទឹក​ដ៏ធំបំផុត នៅក្នុងពិភព​លោក។ ប៉ុន្តែវាហាក់​ដូចជាមិនពិតទាំងស្រុង​ឡើយ ដោយហេតុថា​ទោះបីខណៈពេលនេះ​វាប្រហែលជា យន្ត​ហោះ​ចុះ​លើ​ទឹក​​ដ៏​ធំ​​បំផុត​​ដែលកំពុងធ្វើ​ប្រតិបត្តិការក្តី យន្តហោះយ៉ាង​ហោចណាស់ ០២គ្រឿងផ្សេងទៀត កាលពីសម័យមុន ដែលមាន​ទំហំធំ​ជាងវា៕ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!