ក្រោយមានបញ្ជានាយករដ្ឋមន្ដ្រី! ម្ចាស់រថយន្ដដែលតទ្រុងខុសបច្ចេកទេសមួយចំនួន នៅខេត្តកំពង់ចាម បានយករថយន្ដទៅកាត់ទ្រុងដោយខ្លួនឯងតែម្ដង

(កំពង់ចាម)៖ ក្រោយបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវចាប់រថយន្ដតទ្រុងខុសបច្ចេកទេស​កាត់ចោល​ និងមានការចេញប្រតិបត្តិការយ៉ាងក្ដៅគគុកពីអាជ្ញាធរនោះ ម្ចាស់រថយន្ដដែលបានតទ្រុងមួយចំនួន បានស្ម័គ្រចិត្តយករថយន្ដទៅកាត់ទ្រុងចោល វិញដោយខ្លួនឯងតែម្ដង ដោយមិនឲ្យអាជ្ញាធរ និងសមត្ថកិច្ចឃាត់ទាន់។

ជាក់ស្ដែងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ម្ចាស់រថយន្ដដែលតទ្រុងខុសលក្ខណៈបច្ចេកទេសមួយចំនួន នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម បានស្ម័គ្រយករថយន្ដរបស់ខ្លួនទៅកាត់ទ្រុងចោលដោយខ្លួនឯង។

អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នៅរសៀលនេះថា សម្រាប់ខេត្តកំពង់ចាមរបស់លោក មាន​រថយន្ដចំនួន៨គ្រឿងហើយ នៅក្នុងមូលដ្ឋានស្រុកព្រៃឈរ ដែលត្រូវបានម្ចាស់យកទៅកាត់ចោលដោយខ្លួនឯងតែម្ដង ដោយមិនចាំបាច់អាជ្ញាធរ និងសមត្ថកិច្ចឃាត់ដើម្បីកាត់នោះទេ។

លោក គួច ចំរើន សម្ដែងការស្វាគមន៍ និងកោតសរសើរ ដល់ម្ចាស់រថយន្ដដែលរកស៊ីដឹកទំនិញធុនធ្ងន់ ដែលបានភ្ញាក់រលឹកចូលរួមទាំងអស់គ្នា នូវបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីពាក់ព័ន្ធបញ្ហារថយន្ដតទ្រុងនេះ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការខូចផ្លូវជាដើម។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ម្ចាស់រថយន្ដផ្សេងទៀត ត្រូវមានស្មារតីទទួលខុសត្រូវដោយខ្លួនឯង ជៀសវាងសមត្ថកិច្ចចាប់ឃាត់ទាន់ ជាពិសេសមិនត្រូវតទ្រុងខុសលក្ខណៈបច្ចេកទេសទៀតនោះទេ ហើយអាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពង់ចាម នឹងបន្ដប្រតិបត្តិការចាប់រថយន្ដ ខុសលក្ខណៈបច្ចេកទេសនេះដោយមិនបន្ធូដៃនោះឡើយ។​

សូមជម្រាបថា​ អាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពង់ចាម សហការជាមួយមន្រ្តីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន ចាប់តាំងពីម៉ោង០០ រហូដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការចុះស្ទាក់ចាប់ត្រួតពិនិត្យ រថយន្តធន់ធំប្រភេទដឹកទំនិញជាបន្ដបន្ទាប់ បានរហូតដល់រាប់រយគ្រឿង និងបានកាត់ចោលជាបន្ដបន្តាប់ផងដែរ។​​

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក៕

Related Posts

About The Author

Add Comment

error: Content is protected !!