ក្រុមហ៊ុនអាមេរិក គ្រោងបោះទុន៥០០លានដុល្លារ វិនិយោគគម្រោងថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យក្នុងទឹកដីខេត្តកោះកុង

(ភ្នំពេញ)៖ ក្រុមហ៊ុន Omni Navitas Holdings របស់អាមេរិក គ្រោងនឹងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយប្រព័ន្ធព្រះអាទិត្យនៅកម្ពុជា ក្នុងទឹកដីខេត្តកោះកុង ដោយទុនវិនិយោគដល់ទៅ៥០០លានដុល្លារ ដើម្បីឆ្លើយតបនឹងតម្រូវការកង្វះខាតថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត មិនទាន់បានប្រើប្រាស់អគ្គិសនីបានគ្រប់គ្រាន់។

គម្រោងវិនិយោគថាមពលអគ្គិសនីនេះ ត្រូវបានវាយតម្លៃថាជាគម្រោងវិនិយោគដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា និងធំជាងគេនៅអាស៊ីអាគ្នេយ៍ក្រោមការវិនិយោគពីក្រុមហ៊ុន Omni Navitas Holdings គឺជាក្រុមហ៊ុនវិនិយោគលើវិស័យថាមពលធំមួយ នៅទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

នេះបើតាមការបង្ហើបឲ្យដឹងពី លោក James McAuliffe នាយកប្រតិបត្តិក្រុមហ៊ុន Omni Navitas ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុនខ្លួន ដោយមានការអញ្ជើញចូលរួមពីលោក សំ សិរីរតន៍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, លោក ប៊ូ បញ្ញា ដៃគូគ្រប់គ្រងពាណិជ្ជកម្មនៅកម្ពុជា Omnicam និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរូយ៉ាល់ភ្នំពេញ។

ចំណែករដ្ឋាភិបាលបានប្រគល់សិទ្ធិទៅក្រុមហ៊ុន Omnicam ជាអ្នកចែកចាយបន្ត ដោយសហការជាមួយក្រុមហ៊ុនអាមេរិក Omni Navitas Holdings ។ ទន្ទឹមនឹងនេះក្រុមហ៊ុន Omnicam មានការជឿជាក់ក្នុងការបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនីកម្ពុជា អោយកាន់តែមានភាពពេញលេញដោយប្រើប្រាស់នូវធនធានថាមពល ដែលអាចប្រើប្រាស់ឡើងវិញ បានបច្ចុប្បន្ននេះថាមពលអគ្គិសនីនៅកម្ពុជា បានទាញយកពីធនធាន ដែលអាចមានផលប៉ះពាល់ដល់បរិស្ថានផងដែរ។

តំណាងក្រុមហ៊ុន Omnicam បានឲ្យដឹងថា «សម្រាប់គម្រោងថ្មីរបស់ Omnicam ក្រោមការវិនិយោគថាមពលអគ្គិសនីរួមគ្នា ពីសំណាក់ក្រុមហ៊ុនអាមេរិកនេះ នឹងអាចធ្វើឲ្យកម្ពុជាចូលរួមកាត់បន្ថយ នូវការទិញយកថាមពលអគ្គិសនីពីប្រទេសជិតខាង។ គម្រោងថាមពលអគ្គិសនីរបស់ ក្រុមហ៊ុន Omnicam មាន ១៥០MW អាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋបានដល់ទៅជាង ១៥ម៉ឺនគ្រួសារ។ វាក៏ត្រូវបានរំពឹងទុកដែលថា នឹងជួយសន្សំសំចៃទឹកបានជាង ២០០លានលីត្រ និងឧស្ម័នផ្ទះកញ្ចក់ជាង១០០តោន»

គម្រោងវិនិយោគនេះ បានចូលរួមចំនែកយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគទុនបរទេស ព្រមទាំងផ្ដល់ការងារដល់ប្រជាជនកម្ពុជាចំនួន៣ពាន់នាក់។ ជាមួយនឹងគម្រោងថាមពលអគ្គិសនីដំបូងគេបង្អស់ពី Omnicam កម្ពុជាអាចនឹងទទួលបាននូវភាពរីកចម្រើន ក្នុងការផលិតថាមពលដែលអាចប្រើប្រាស់ឡើងវិញ និងជួយបំពេញ តម្រូវការថាមពលអគ្គិសនី ថែមទាំងនឹងអាចជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង៕

Related Posts

About The Author

Add Comment

error: Content is protected !!