ក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង ប្តេជ្ញារួមគ្នាបន្ត​ដាក់សម្ពាធ​កូរ៉េខាងជើង ពាក់ព័ន្ធ​កម្មវិធី​នុយក្លេអ៊ែរ…

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន និងមន្ត្រីការទូត​ជាន់ខ្ពស់ចិន លោក យ៉ាង ជាឈី (Yang Jiechi) បានអះអាង​ឡើងវិញពី​ការប្ដេជ្ញាចិត្ត​ រវាងប្រទេស​ទាំងពីរ​ក្នុងការដាក់​សម្ពាធលើ​ ទីក្រុងព្យុងយ៉ាង​ទាក់ទិននឹងកម្មវិធី​អាវុធ​នុយក្លេអ៊ែរ។​ នេះបើតាម​ក្រសួង​ការបរទេស​អាមេរិក ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Yang បានបំពេញ​ដំណើរទស្សនកិច្ច​ រយៈពេលពីរថ្ងៃមកកាន់​ទីក្រុង​វ៉ាស៊ីនតោន ដោយចាប់​ផ្ដើមកាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយនៅ​ក្នុងដំណើរ​ទស្សនកិច្ច​គេរំពឹងថា លោកនឹងលើក​យកបញ្ហា​កូរ៉េខាងជើង និងទំនាក់ទំនង​សេដ្ឋកិច្ច ចិន-​អាមេរិក ទៅពិភាក្សា​ជាមួយ​លោក ធីល្លឺសុន។ ដោយឡែក ជុំវិញសំណុំរឿងកូរ៉េខាងជើង អ្នកនាំពាក្យ​ក្រសួងការ​បរទេសអាមេរិក លោកស្រី ហ៊ីធើ ណឺត (Heather Nauer)t បានគូសបញ្ជាក់ថា លោក ​Yang និងលោក ធីល្លឺសុន បាន​អះអាងឡើងវិញពី​ការប្ដេជ្ញាចិត្តរបស់​ប្រទេសទាំងពីរ​ ក្នុងការ​រក្សាការដាក់​សម្ពាធលើ​កម្មវិធីអាវុធ និងនុយក្លេអ៊ែរ​ខុសច្បាប់របស់​កូរ៉េខាងជើង។

មិនតែប៉ុណ្ណោះ ប្រមុខទូតជាន់​ខ្ពស់ទាំងពីរ ក៏បានឯកភាព​គ្នាផងដែរ​ លើសារៈសំខាន់​បន្តទំនាក់ទំនង​ក្នុងលក្ខណៈ​ស្ថាបនា និងធ្វើកិច្ច​សហប្រតិបត្តិការគ្នា​ទៅវិញ​ទៅមក ដើម្បីដោះស្រាយ​ការខ្វែង​គំនិតគ្នា។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៧ ចិន និង​សហរដ្ឋអាមេរិក​បានសម្ដែងក្ដី​ព្រួយបារម្ភរួមគ្នា​ ពាក់ព័ន្ធនឹង​សមត្ថភាពអាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​អះអាងថា អាចបាញ់ដល់​ដែនដី​គោក​អាមេរិក។ ប៉ុន្តែបើតាម​ក្រុមអ្នក​ជំនាញខ្លះ អ្វីដែល​មហាអំណាចទាំងពីរ​ព្រួយបារម្ភ​ពិតប្រាកដនោះ​ គឺខ្លាចក្រែង​វិបត្តិ​កូរ៉េខាងជើង ជំរុញឱ្យពួកគេ​ប្រឈមមុខ ដាក់គ្នាដោយ​ផ្ទាល់នៅ​ថ្ងៃណាមួយ៕ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!