ក្រសួងការងារ សហការជាមួយដៃគូបង្កើនការពង្រឹងសុវត្ថិភាពចរាចរណ៍ដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង

(ភ្នំពេញ)៖ ដើម្បីបង្កើនការពង្រឹងសុវត្ថិភាពចរាចរណ៍ដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធ ស្តីពីយុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍ សម្រាប់គាំពារកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមវត្តមានលោករដ្ឋមន្ត្រី អ៉ិត សំហេង។

លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) GIZ ILO-BFC និងអង្គការ ACILS ព្រមទាំងការគាំទ្រពីអ្នកបញ្ជាទិញធំៗមួយចំនួន និងភាគីពាក់ព័ន្ធ ក្នុងនោះក៏មានបេឡាជាតិរបបសន្តិសុខសង្គម ដែលតែងតែយកចិត្តទុកដាក់ចំពោះសុវត្ថិភាពកម្មករនិយោជិត និងការខិតខំប្រឹងប្រែងចូលរួមគ្រប់សកម្មភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់ធ្វើឲ្យកម្មករនិយោជិតមានសុវត្ថិភាពក្នុងការធ្វើដំណើរ។

ជមួយគ្នានេះ លោក​បានបន្តថា​ ដើម្បីធានាបាននូវសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត ប.ស.ស បានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៅឆ្នាំ២០១៣ ដែលសម្រេចបាននូវការងារមួយចំនួនដូចខាងក្រោម៖
* បានចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
* បានចុះបណ្ដុះបណ្ដាល និងបំប៉នសម្រាប់ត្រៀមប្រឡងយកបណ្ណបើកបរចំនួន។
* បានចុះប្រឡងយកបណ្ណបើកបរ។
* ចុះបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសុវត្ថិភាពចរាចរណ៍។
* ចុះបណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋម។
* បានចុះបំពាក់បដាពាក្យស្លោកនៅតាមរោងចក្រ។

លោកក៏បាន​អំពាវនា​វឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសកម្មករកម្មការិនី និងអ្នកបើកបរដឹកកម្មករដែលធ្វើដំណើរតាមដងផ្លូវនានាទូទាំងប្រទេស សូមមេត្តាចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រុងប្រយ័ត្នខ្ពស់ពេលបើកបរ ពិនិត្យបច្ចេកទេសយានយន្តមុនពេលចេញដំណើរ ពេលធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវាត់ទាំងអ្នកនៅខាងមុខ និងអ្នកនៅខាងក្រោយ ពេលធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរជាមួយ កុំបើកបរលើសល្បឿនកំណត់ ត្រូវចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ កុំវ៉ា កុំជែងដោយប្រថុយប្រថានក្នុងស្ថានភាពគ្រោះថ្នាក់ និងដឹកលើសទម្ងន់។

សូមបញ្ជាក់ថា នៅក្នុងខ្លឹមសារក្នុងសេចក្តីព្រាងយុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍ សម្រាប់គាំពារកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នេះផ្តោតសំខាន់លើយុទ្ធសាស្រ្ត ៤ចំណុច រួមមាន ទី១៖ ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ និងគណនេយ្យភាព ទី២៖ បង្កើនសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការ ទី៣៖ បង្កើនសុវត្ថិភាពយានជំនិះ និងមធ្យោបាយធ្វើដំណើរ និងទី៤៖ បង្កើនសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវ៕ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!