ក្តៅគគុក! អាមេរិក​ចោទអ៊ីរ៉ង់ថា «បានឧបត្ថម្ភ​គ្រាប់មីស៊ីល ដល់ក្រុមឧទ្ទាម​ហួធី-យ៉េមែន» តែអ៊ីរ៉ង់ចេញមុខ​ទាត់ចោលភ្លាមៗ!

(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក បាហ៍រ៉ាម ហ្គាស្សេមី (Bahram Ghassemi) នៅថ្ងៃពុធនេះ បានច្រានចោល​រាល់ការចោទប្រកាន់​ពី​សហរដ្ឋអាមេរិក និង​អារ៉ាប៊ីសាអូឌីតដែលថា ទីក្រុងតេហរ៉ង់​ជាអ្នកផ្គត់ផ្គង់​អាវុធ ឱក្រុមឧទ្ទាមហួធីនៅក្នុងប្រទេស​យ៉េមែន។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។

លោក Bahram Ghassemi ថ្លែងបែបនេះ បន្ទាប់ពីអគ្គរដ្ឋទូត​អាមេរិកប្រចាំ​យូអិន លោកស្រី នីកគី ហាឡេយ (Nikki Haley) បាននិយាយថា គ្រាប់មីស៊ីមួយគ្រាប់​ដែលត្រូវបាន​គេបាញ់ ចេញពីទឹកដី​យ៉េមែន តម្រង់មកកាន់​រដ្ឋធានី​រីយ៉ាដ នៃប្រទេស​អារ៉ាប៊ីសាអូឌីតកាលពី​ថ្ងៃអង្គារ គឺផ្គត់ផ្គង់ដោយ​អ៊ីរ៉ង់។ លោក Ghassemi បានគូស​បញ្ជាក់ប្រាប់​សារព័ត៌មាននៅក្នុងស្រុក​យ៉ាងដូច្នេះថា «យើងមិនមាន​ទំនាក់ទំនង​អ្វីទាល់តែ​សោះ ផ្នែកអាវុធ​ជាមួយ​យ៉េមែន (…) យើងច្រានចោល​រាល់ការចោទ​ប្រកាន់​ទាំងឡាយ ដែលថា​យើងបានផ្ដល់​​អាវុធដល់​ក្រុមប្រដាប់​​អាវុធនានា នៅក្នុងតំបន់​មជ្ឈិមបូព៌ា ហើយយើង​សូមបដិសេធ​យ៉ាងដាច់​អហង្កា»

គួរបញ្ជាក់ថា កាលពី​ថ្ងៃអង្គារ ក្រុមឧទ្ទាមហួធី​បានអះអាងថា ខ្លួនបានបាញ់មីស៊ីល​មួយគ្រាប់ឆ្ពោះ​ទៅកាន់រាជវាំង ក្នុងទីក្រុងរីយ៉ាដ ប៉ុន្តែត្រូវបាន​កងកម្លាំង​អារ៉ាប៊ីសាអូឌីត បាញ់ទម្លាក់ទាន់ពេលវេលា ហើយក៏មិនមាន​សេចក្ដីរាយការណ៍​ពីអ្នករងរបួស ឬការបំផ្លិច​បំផ្លាញអ្វីនោះដែរ៕

Related Posts

About The Author

Add Comment

error: Content is protected !!