កូរ៉េខាងជើង «ស្នើកូរ៉េខាងត្បូង​​ឧបត្ថម្ភប្រេង​ដល់​នាវាដឹកប្រតិភូ មកចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក…»

(សេអ៊ូល)៖ កូរ៉េខាងជើង​បានស្នើឱ្យកូរ៉េខាងត្បូង​ផ្គត់ផ្គង់ប្រេង​ ដល់នាវារបស់ខ្លួន​ដែលដឹកក្រុមប្រតិ​ភូកីឡា មកចូលរួម​ព្រឹត្តិការណ៍ កីឡាអូឡាំពិក​រដូវរងារនៅឯ​ទីក្រុង ព្យឿងចាង (PyoengChang)​ ក្នុងសប្ដាហ៍នេះ ស្របពេលមាន​ការព្រួយបារម្ភថា​ ការធ្វើបែបនេះ​អាចនឹង​ប៉ះ ពាល់​ដល់ការអនុវត្តន៍​ទណ្ឌកម្មរបស់​អង្គការ​សហប្រជាជាតិ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

នាវាកូរ៉េខាងជើង​ឈ្មោះ Mangyongbong 92 បានធ្វើដំណើរ​មកដល់​កូរ៉េខាងត្បូង កាលពី​ថ្ងៃអង្គារ ជាមួយក្រុម​តន្រ្តី ១៤០នាក់ ដែលនឹង​ត្រូវចូលរួមសម្ដែង​ នៅអំឡុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិក នៅ​ថ្ងៃសុក្រនេះ។ នាវាមួយនេះ​ក៏នឹងត្រូវបានប្រើប្រាស់​ជាកន្លែង ស្នាក់នៅរបស់​ក្រុមប្រតិភូ​កូរ៉េខាងជើង​ផងដែរ។ ដោយឡែក ជុំវិញសំណើរបស់​ទីក្រុងព្យុងយ៉ាង ទីក្រុងសេអ៊ូល មិនទាន់ឆ្លើយតប​នៅឡើយទេ ដោយរង់ចាំពិចារណា​ជាមុនសិន។

«កូរ៉េខាងជើងបាន​ស្នើសុំការផ្គត់ផ្គង់ប្រេង បន្ទាប់​ពីនាវា Mangyongbong 92 បានមក​ដល់​កូរ៉េខាងត្បូង រីឯទីក្រុងសេអ៊ូលកំពុង​តែពិនិត្យលើសំណើនេះ​ហើយ»។ នេះគឺជាការ​លើកឡើងរបស់​អ្នកនាំពាក្យ ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង លោក ប៊ែក តែយ៉ុន (Baik Tae-hyun) ដោយមិន​បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង​ចង់បានប្រេង​ប៉ុន្មាន នោះទេ។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់​ផលិតប្រេងឱ្យ​កូរ៉េខាងជើង អាចនឹងធ្វើ​ឱ្យប៉ះពាល់ដល់​ទណ្ឌកម្ម​របស់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហ ប្រជាជាតិ​កាលពី​ខែធ្នូ ឆ្នាំ២០១៧ ដែលបាន​គោលបំណង​ទប់ស្កាត់ការនាំចេញ​ប្រេង ឬផ្គត់ផ្គង់​ប្រេងឱ្យ​កូរ៉េខាងជើង​យ៉ាងតិច ៥០០,០០០បារ៉ែល​ក្នុង​មួយឆ្នំា។ យ៉ាងណា​ក៏ដោយ បើតាម​សារព័ត៌មាន​នៅក្នុងស្រុក ទីក្រុងសេអ៊ូល​អាចនឹងផ្គត់ផ្គង់ម្ហូប​ប្រេង និងអគ្គិសនី​ដល់នាវា Mangyongbong 92 នៅពេលនាវានេះ​ឈប់សំចត​កំពង់ផែ Mukho៕ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!