កូរ៉េខាងជើង «គ្រោងដង្ហែគ្រាប់មីស៊ីលធំៗរាប់សិបគ្រាប់» ក្នុងព្យុហយាត្រាយោធា ដ៏ធំសម្បើមមួយ ហើយក៏អាចធ្វើតេស្តផងដែរ…

(សេអ៊ូល)៖ កូរ៉េខាងជើង​មានគំរោងដង្ហែ​គ្រាប់មីស៊ីល​ផ្លោង រយៈចំងាយឆ្ងាយ​រាប់សិបគ្រាប់ នាឱកាស​នៃការធ្វើព្យុហយាត្រា​យោធា ដែលនឹងត្រូវធ្វើឡើង​នៅថ្ងៃទី០៨ ខែកុម្ភៈខាងមុខ នេះ ពោលគឺមួយថ្ងៃ​ប៉ុណ្ណោះមុននឹង​ព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងារ ក្នុងទីក្រុង PyongChang ប្រទេសកូរ៉េខាង​ត្បូងចូល​មកដល់។ នេះបើ​តាមការ CNN​ ចុះផ្សាយ​នៅរសៀលថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។

​ស្ថានីយ​ទូរស្សន៍ CNN ផ្អែកលើប្រភព​ការទូតចំនួនពីរ​ ដែលខ្លួន​ទទួលបាន បានគូស​បញ្ជាក់ថា ទីក្រុងព្យុងយ៉ាង​នឹងធ្វើការដង្ហែគ្រាប់​មីស៊ីលរយៈចំងាយ​ឆ្ងាយ និងគ្រាប់រ៉ុក្កែត​រាប់សិបគ្រាប់ ក្នុងគោលបំណង​សម្ញែងសាច់ដុំដាក់​សហរដ្ឋអាមេរិក។ ប្រភពការទូតនេះ​បានឱ្យដឹង​ទៀតថា នាឱកាសធ្វើ​ព្យុហយាត្រាយោធា​នោះ កូរ៉េខាងជើង​ក៏ត្រូវបាន​គេរំពឹងដែរថា នឹងបង្ហាញ​មីស៊ីលឆ្លងទ្វីប​ជាច្រើនគ្រាប់ ក្នុងនោះរួមមាន​ទាំងមីស៊ីល​ឆ្លងទ្វីប Hwasong-15 ដែលកូរ៉េខាងជើង​បានធ្វើតេស្ដ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ និងអះអាងថា វាអាចបាញ់​ដល់ដែនដី​គោក របស់​សហរដ្ឋអាមេរិក។

លើសពីនេះ​ទៅទៀត ប្រភពការទូតនេះ​ដដែល មិនបានបដិសេធ​ឡើយ ពីលទ្ធភាពថា កូរ៉េខាងជើងអាចនឹង​ធ្វើតេស្ដមីស៊ីលផ្លោង​ជាថ្មី នៅពេល​ឆាប់ៗ​ខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីពេល​ថ្មីៗនេះ កូរ៉េខាងជើងបានព្រមាន​សហរដ្ឋអាមេរិក​ថា ផលវិបាក​ដ៏ធំមួយនឹង​ផ្ទុះឡើង បើសិនជា​ទីក្រុងវ៉ាស៊ីនតោន​ បន្តធ្វើសមយុទ្ធយោធា​ឡើងវិញ​ជាមួយ​កូរ៉េខាងត្បូង បន្ទាប់ពីព្រឹត្តិការណ៍​កីឡា​អូឡាំពិក។ ប៉ុន្តែ​បើគេចំា​មិនភ្លេច នេះមិនមែន​ជាលើកទីមួយ​ឡើយ ដែលរបបកុម្មុយនីស្ដ​ព្យុងយ៉ាង​ព្រមាន​បែបនេះ ហើយជាទម្លាប់​ដដែលៗ ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល​នៅតែធ្វើសមយុទ្ធយោធា​រួមគ្នា៕ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!