កូននាយករដ្ឋមន្ត្រី ហ៊ានភ្នាល់ជាមួយម្ចាស់​ហ្វេស​ប៊ុក​​ឈ្មោះម៉ែន ណាត បើលោកចាញ់ លោកហ៊ាន​ផ្ដល់​លុយចំនួន២០០លានដុល្លារអាមេរិក និង​សន្យា​ឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត។

ភ្នំពេញៈ កូនប្រុសច្បងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ហ៊ានផ្ដល់លុយចំនួន២០០លានដុល្លារអាមេរិក និងសន្យាឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត។នេះជាប្រតិកម្មចំហរ និងចេញមុខភ្នាល់ជាមួយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ម៉ែន ណាត ដែលចោទលោកថា បាន​លាក់​លុយជាង២០០លានដុលារអាមេរិក នៅធនាគារមួយក្នុងប្រទេសបារាំង កាលពីពេល​ថ្មីៗនេះ។

តាមរយៈហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន លោក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧​នេះ បានសរសេរថា ថ្មីៗនេះ លោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហាន​ក្នុងការ​បញ្ចេញព័ត៌មាននានា ដោតបានបង្ហោះព័ត៌មានមួយចោទថា លោក ម៉ាណែត មានលាក់លុយ២០០លានដុល្លា នៅធនាគារមួយឈ្មោះ BNP នៅប្រទេសបារាំង និងបានកំពុងដេញថ្លៃ​ទិញ​អគារ​ទីស្នាក់ការបក្ស Le Parti Socialiste ដែលនាយករដ្ឋមន្ត្រីរូបនេះ ហ៊ានដេញថ្លៃដល់ជាង៥៨លានអឺរ៉ូផងដែរ។

ប្រតិកម្មចំពោះរឿងនេះ លោក ហ៊ុន ម៉ាណែត បានចាត់ទុកការចោទប្រកាន់ពី​ម្ចាស់ហ្វេស​ប៊ុក​ខាងលើថា ជាការប្រឌិតឡើងក្នុងចេតនាមួលបង្កាច់ ដើម្បីកេងចំណេញនយោបាយ។ “នេះមិនមែនជារឿងទីមួយទេ ដែលលោក ម៉ែន ណាត និងក្រុមរបស់គាត់បានប្រឌិតឡើង​ក្នុង​ចេតនាមួលបង្កាច់ ញុះញង់ បំផ្លាញកិត្តិយសអ្នកដទៃ ដើម្បីកេងចំណេញនយោបាយ។ ក្នុងនាមជាកូនប្រុស ខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយទេ។ ខ្ញុំចង់ភ្នាល់តែម្តងជាមួយលោក ម៉ែន ណាត ដែលបានចោទថា ខ្ញុំមានលុយរាប់លានដុល្លាទុកនៅធនាគារបារាំង ហើយនិងកំពុងចូលរួមដេញថ្លៃអគារក្នុងតម្លៃរាប់លានអឺរ៉ូនោះ”

ជាតម្លៃនៃការភ្នាល់នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅលោក ម៉ែន ណាត ដែលគេដឹងថា ជាម្ចាស់ហ្វេសប៊ុករស់នៅបរទេសនោះថា តើលោក ម៉ែន ណាត ហ៊ានភ្នាល់ជាមួយខ្ញុំទេ?

ថ្មីៗនេះលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហានក្នុងការបញ្ចេញពត៌មាននានា បានបង្ហោះព័ត៌មានមួយដែលចោទថាខ្ញុំមានលាក់លុយ ២០០លានដុល្លា នៅធនាគារ​មួយឈ្មោះ BNP នៅប្រទេសបារាំង និងបានកំពុងដេញថ្លៃទិញអគារទីស្នាក់ការបក្ស Le Parti Socialiste ដែលគាត់ចោទថាខ្ញុំ ហ៊ានដេញថ្លៃដល់ជាង ៥៨ លានអឺរ៉ូឯណោះផងដែរ។

នេះមិនមែនជារឿងទីមួយទេ ដែលលោក ម៉ែន ណាត និងក្រុមរបស់គាត់បានប្រឌិតឡើង​ក្នុងចេតនាមួលបង្កាច់ ញុះញង់ បំផ្លាញកិត្តិយសអ្នកដទៃ ដេីម្បីកេងចំណេញនយោបាយ។

ក្នុងនាមជាកូនប្រុស ខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយទេ។ ខ្ញុំចង់ភ្នាល់តែម្តងជាមួយលោក ម៉ែន ណាត ដែលបានចោទថាខ្ញុំមានលុយរាប់លានដុល្លាទុកនៅធនាគារបារាំង ហើយនិង​កំពុង​ចូលរួម​​ដេញថ្លៃអគារក្នុងតម្លៃរាប់លានអឺរ៉ូនោះ។

ការភ្នាល់នោះគឺ៖ ខ្ញុំផ្តល់រយៈពេល២សប្តាហ៏អោយលោក ម៉ែន ណាត បង្ហាញឯកសារជា​ភស្តុតាងដែលបញ្ជាក់ថា៖ ១) ខ្ញុំមានលាក់លុយ២០០លានដុល្លានៅធនាគារ BNP នៅបារាំង ២) ខ្ញុំមានឈ្មោះដេញថ្លៃអគារ Le Parti Socialiste ដូចដែលលោកបានចោទ។
ឯកសារទាំងនោះយើងអាចស្នើសុំអោយស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជា​នៅ​បារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជា​ឯក​សារពិតឬមិនពិត។

បើលោក ម៉ែន ណាត មានឯកសារដែលបញ្ជាក់ថាខ្ញុំពិតជាមានប្រាក់និងកំពុងដេញថ្លៃអគារ​ដូចដែលលោកចោទប្រកាន់មែន ខ្ញុំហ៊ាន
១) ប្រគល់លុយទាំងអស់ ដែលលោកចោទខ្ញុំថាមាននោះអោយទៅលោក
២) ខ្ញុំនឹងធ្វើកិច្ចសន្យាជាសាធារណៈថាខ្ញុំនឹងឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត

ប៉ុន្តែបើលោក ម៉ែន ណាត មិន ហ៊ានភ្នាល់ ឬមិនអាចផ្តល់ភស្តុតាងពិតប្រាកដដើម្បី​បញ្ជាក់​តាមការចោទរបស់លោកទេ ខ្ញុំសុំអោយលោក ម៉ែន ណាត៖
១) ធ្វើលិខិតសុំទោសខ្ញុំជាសាធារណៈ
២) ធ្វើកិច្ចសន្យាជាសាធារណៈថាលោកនឹងឈប់ប្រឡូកក្នុងនយោបាយតាមគ្រប់រូបភាព អស់មួយជីវិត

ខ្ញុំមិនខ្លាចនឹងភ្នាល់ទេ ព្រោះខ្ញុំគ្មានអ្វីត្រូវលាក់បាំងចំពោះការចោទប្រកាន់របស់លោក ម៉ែន ណាត ទេ។

ខ្ញុំសង្ឃឹមថាលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហាននោះហ៊ានភ្នាល់ជាមួយខ្ញុំដែរ ព្រោះបើតាមអ្វីដែលលោកសរសេរនោះគឺលោកបានអួតថាមានភស្តុតាងអស់ហើយសម្រាប់​យកឈ្នះក្នុងការភ្នាល់គ្នានេះ។

ប្រជាពលរដ្ឋជាច្រើនក៏កំពុងរង់ចាំមើលដែរ តើអ្នកក្លាហានដូចលោកហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនសរសេរឬទេ?
ខ្ញុំសង្ឃឹមថាលោក ម៉ែន ណាត ពិតជាមានចិត្តជាកូនប្រុស និងមានភាពក្លាហាន ទទួលខុស​ត្រូវចំពោះការសរសេររបស់ខ្លួន ហើយមិនមែនជាជនកំសាក និងមិន​ហ៊ានទទួល​ខុសត្រូវ​នោះទេ។
ខ្ញុំនឹងរង់ចាំចម្លើយលោក ហើយបើលោកមានឯកសារជាភស្តុតាងពិតប្រាកដ សូមបង្ហាញ​មក។ ឯកសារទាំងនោះយើងនឹងស្នើសុំអោយស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជា​នៅបារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិតបាន។

Related Posts

About The Author

Add Comment

error: Content is protected !!