កិច្ចសហប្រតិបត្តិការ APEC កាន់តែជិតស្និទ្ធ នឹងជំរុញ​ការអភិវឌ្ឍជារួម នៃតំបន់​អាស៊ី-ប៉ាស៊ីហ្វិក

(វៀតណាម)៖ ស្លាកសញ្ញា​នៃកិច្ចប្រជុំ APEC នៅវៀតណាមនាឆ្នាំនេះ បង្ហាញពីរស្មី​ព្រះអាទិត្យចំនួន ២១ ធ្វើចលនាក្នុង​លក្ខណៈ​រង្វិល​​ជុំ ដែលតំណាង​ឲ្យស្មារតីនៃ​កិច្ចសហប្រតិបត្តិការ ក្នុងចំណោម​សមាជិកសេដ្ឋកិច្ច​នៃវេទិកានេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

វេទិកា APEC ត្រូវបានបង្កើត​ឡើងកាលពី​ឆ្នាំ១៩៨៩ ដើម្បីជំរុញការ​ធ្វើពាណិជ្ជកម្ម​ដោយសេរី និងសមាហរណកម្ម​ព្រម​ទាំង​សហ​ប្រតិបត្តិការ​​សេដ្ឋ​កិច្ច នៅក្នុងចំណោម​ប្រទេសទាំងអស់ នៅព័ទ្ធជុំវិញមហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលជា​សមាជិក ខណៈកិច្ច​ប្រជុំ APEC នា​ឆ្នាំនេះ ត្រូវបានប្រារព្ធឡើង​ក្រោមប្រធានបទ «ការបង្កើតថាមវន្តថ្មី និងអនាគតរួម»។

ដើម្បីធ្វើយ៉ាង​ដូច្នោះបាន ប្រទេសសមាជិកទាំងអស់ ដែលមានចំនួន​ប្រជាជនសរុប ០៣ពាន់លាននាក់ និង GDP ៦០ភាគរយនៃ GDP ពិភព​លោកទាំងមូលនោះ ចាំបាច់ត្រូវតែប្រកាន់​ខ្ជាប់នូវស្មារតី​សហការគ្នា ដែលត្រូវបានបង្កប់​យ៉ាងជ្រៅ នៅក្នុងអត្តសញ្ញាណ​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ចមួយនេះ។

ក្នុងរយៈពេលជាច្រើន​ឆ្នាំកន្លងមក សមាជិក APEC បានរួមគ្នាកាត់​បន្ថយរនាំងពាណិជ្ជកម្ម​រវាងពួកគេ, ធ្វើសុខដុមនីយកម្ម​ស្តង់ដា​​និងបទបញ្ញតិនានា​, និងបង្កើតយុទ្ធសាស្រ្ត​ដែលអនុញ្ញាតឲ្យ​មានការចល័ត​ទំនិញឆ្លងដែន ប្រកបដោយភាព​រលូនជាងមុន។ សមា​ជិក APEC ក៏បានធ្វើការ​ជាមួយគ្នា ដើម្បីសម្រួល​ដល់ប្រតិបត្តិការ​អាជីវកម្ម នៅក្នុងតំបន់​ផងដែរ ដើម្បីផ្តល់ភាព​ងាយស្រួល ក្នុង​ការបើកក្រុមហ៊ុន​នៅក្នុងតំបន់។

ដោយឡែក ក្នុងយុគ​សម័យថ្មីនេះ សមាជិកសេដ្ឋកិច្ច​ទាំងនេះ គួរតែបន្តធ្វើអ្វីៗ​ដោយឈរលើ​គោលការណ៍ នៃការ​រួម​បញ្ចូល​គ្នា ​និង​ការ​ទទួល​​ប្រយោជន៍​រួម​ ព្រមទាំងប្រឈមមុខ​ដោះស្រាយ​តម្រូវការពិសេស នៃសមាជិកនៅ​ក្នុងចំណោម​ពួកគេ ដែល​មាន​សេដ្ឋកិច្ច​​កំពុង​អភិវឌ្ឍន៍ និងបង្កើតឲ្យ​មាន​បរិយាកាស ដែលអំណោយផល​ដល់ពួកគេ​ទាំងនោះ ក្នុងការចូលរួម​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ក្នុង​តំបន់​​ជា​ដើម។

គួរបញ្ជាក់ថា ម៉្យាងវិញទៀត APEC គួរតែបន្តជំរុញ​ការតភ្ជាប់កាន់តែ​ទូលំទូលាយ​ជាងមុន ដើម្បីធ្វើជាឧប​ករណ៍​ដ៏មានប្រសិទ្ធភាព​​មួយ ក្នុងការលុបបំបាត់​ឧបសគ្គ​នៃការអភិវឌ្ឍ ហើយសម្រេច​បាននូវកំណើន ក៏ដូចជាភាព​រីកចម្រើន​រួមគ្នា៕ ប្រភព៖​ Fresh news

 

Related Posts

About The Author

Add Comment

error: Content is protected !!