កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងភ្នំពេញ៖ ប្តេជ្ញាគាំទ្រនូវវិធានការមួយចំនួន សម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខក្នុងតំបន់

(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ នៅកម្ពុជា នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ប្រទេសមេគង្គ-ឡានឆាង ទាំង៦ បានប្តេជ្ញាគាំទ្រ នូវវិធានការ៤ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខក្នុងតំបន់។ នេះបើតាមសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ នៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ដែលផ្សព្វផ្សាយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ មានសារសំខាន់ណាស់សម្រាប់គំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ យន្តការ កិច្ចសហប្រតិប្តតិការពហុកម្រិត គឺជាបណ្តាញដែលមានប្រសិទ្ធភាព សម្រាប់សម្របសម្រួលទំនាក់ទំនង ការពង្រឹងកិច្ចសម្របទំនាក់ទំនង ការពង្រឹងកិច្ចសម្របសម្រួល គោលនយោបាយ និងលើកកម្ពស់នូវទំនុកចិត្តគ្នាទៅវិញទៅមក លើផ្នែកនយោបាយ។

ជាមួយនឹងការកត់ស្គាល់បែបនោះ ប្រទេសមេគង្គ-ឡានឆាង ក៏បានប្តេជ្ញាគាំទ្រ នូវវិធានការ៤ដូចខាងក្រោម៖

* ជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់ និងកិច្ចសន្ទនាក្នុងចំណោមមន្រ្តីនយោបាយ សភា និងរដ្ឋាភិបាល​ស្របតាមស្មារតី នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

* ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក្នុងអនុតំបន់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត។

* ពង្រឹងកិច្ចសន្ទនាលើការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាសន្តិសុខមិនប្រពៃណី ដើម្បីផលប្រយោជន៍រួម។

* ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទប់ស្កាត់ និងការកាត់បន្ថយគ្រោះមហន្តរាយ ជំនួយមនុស្សធម៌ ដោយលើកឡើងអំពីផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ ការធានានូវសន្តិសុខស្បៀង ទឹក និងថាមពលរួមបញ្ចូលទាំងការផ្លាស់ប្តូទិន្នន័យព័ត៌មាន។

សូមបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ បានកត់សម្គាល់ចំនួន១២ចំណុច និងបានប្តេជ្ញាលើគោលការណ៍ធំៗចំនួន៤ដូចជា ១៖ កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ, ២៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព, ៣៖ ការផ្លាស់ប្តូរទំនាក់ទំនងសង្គម វប្បធម៌ និងប្រជាជន-ប្រជាជន និង ៤៖ការគាំទ្រដល់កិច្ចសហប្រតិបត្តិការជាដើម៕

ខាងក្រោមជាសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២៖

Related Posts

About The Author

Add Comment

error: Content is protected !!