កាលីហ្វរញ៉ា៖ «ប្រជាជនអាមេរិក ត្រូវជម្លៀសយ៉ាងទាន់ហន់ ចេញពីផ្សារទំនើបមួយ ក្រោយសង្ស័យ​មាន​គ្រាប់បែក»

(វ៉ាស៊ីនតោន)៖ ការព្រមានមួយ​ស្តីពីការបំផ្ទុះ​គ្រាប់បែក បាននាំឲ្យផ្សារ​ទំនើបដ៏​ធំមួយកន្លែង ស្ថិតក្នុង​ទីក្រុង West Sacramento នៃ​រដ្ឋ​កាលីហ្វរញ៉ា បង្ខំចិត្តជម្លៀស​ខ្លួនមនុស្សជា​បណ្តោះអាសន្ន នារសៀល​ថ្ងៃអាទិត្យ (ពេលវេលា​នៅតំបន់ភាគ​ខាងលិចអាមេរិក) ក៏ប៉ុន្តែ​​​​ក្រោយ​មកត្រូវគេ​រកឃើញថា គ្រាន់ជាការទូរស័ព្ទ​មកនិយាយកុហក​ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់​ងារ​ព័ត៌​មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។

ប៉ូលិសអាមេរិក​បានឲ្យដឹងថា ស្រ្តីម្នាក់បានហៅទូរស័ព្ទ​ចេញពីកន្លែង​ចតរថយន្ត នៃផ្សារទំនើប​ខាងលើ ដោយនិយាយថា លោក​ស្រី​ជឿ​​​ជាក់ថា​មានគ្រាប់បែក​មួយគ្រាប់ នៅក្នុងរថយន្ត​របស់លោកស្រី។ ភ្លាមៗក្រុមជំនាញ​ដោះគ្រាប់បែក ក៏បានរួសរាន់​ទៅ​កាន់​​កន្លែង​កើត​ហេតុ​ជាមួយ​​នឹងសុនខរុករក​គ្រាប់បែក ខណៈ​កន្លែងចត​រថយន្ត និងផ្សារទំនើបត្រូវបានជម្លៀសខ្លួន​មនុស្សចេញយ៉ាងបន្ទាន់ ហើយ​ផ្លូវមួយចំនួនត្រូវ​បានបិទ។

ប៉ុន្តែក្រោយពីបានឆែក​ឆេររថយន្ត ព្រមទាំងតំបន់ជុំវិញ​នោះមក ប៉ូលិសបានបញ្ជាក់ថា ពួកគេរកពុំឃើញ​មានឧបករណ៍គួរឲ្យ​សង្ស័យ​ណាមួយឡើយ។ ចំណែកស្រ្តីវ័យ ៤៩ឆ្នាំ ដែលបានទូរស័ព្ទ​ទៅប៉ូលិស​នោះវិញ នឹងត្រូវបាននាំយកទៅកាន់​មន្ទីរពេទ្យ​ដើម្បីធ្វើការវាយតម្លៃ​មើលលើសុខភាពផ្លូវចិត្ត​របស់លោកស្រី។

គួរជម្រាបថា សហរដ្ឋអាមេរិក​កំពុងបន្តស្ថិតក្នុងការ​ប្រុងប្រយ័ត្នយ៉ាងខ្ពស់ ដោយកម្លាំងអាជ្ញាធរ​នៅក្នុងប្រទេស មានការរឹងបន្តឹង​​សន្តិសុខជាខ្លាំង សម្រាប់រដូវឈប់​សម្រាកនៃបុណ្យ​ណូអែល និងឆ្លងឆ្នាំសាកល ដើម្បីបង្ការ​អំពើវាយប្រហារ​ដោយភេរវកម្ម ដែល​អាច​នឹង​​កើតមានឡើង៕

Related Posts

About The Author

Add Comment

error: Content is protected !!