កម្ពុជា-អាឡឺម៉ង់ តាំងពិព័រណ៍វិទ្យាសាស្ត្រ បង្ហាញពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យា និងសម្ភារៈ ក្នុងការជួសជុលសំណង់ ក្នុងរមណីយដ្ឋានអង្គរ

(សៀមរាប)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ថ្ងៃបញ្ចប់នៃសន្និសីទវិទ្យាសាស្ត្រស្តីពី «កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ»ស្ថាប័នគម្រោងអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរ (GACP) បានតាំងពិរពណ៌អំពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យា និងសម្ភារៈ ក្នុងការជួសជុលចម្លាក់ សំណង់សំណង់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ពិរព័ណ៍វិទ្យាសាស្ត្រនេះ រៀបចំឡើងក្នុងបំណងផ្លាស់ប្តូរយោបល់ បទពិសោធន៍គ្នាទៅវិញទៅមក រវាងក្រុមអ្នកជំនាញនៃ ស្ថាប័នអន្តរជាតិជាច្រើន ដែលបំពេញការងារជួសជុល អភិរក្សនៅលើទឹកដីអង្គរ ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបាន ស្វែងយល់ពីការងារគ្នាទៅវិញមក ពង្រីកចំណេះដឹងបន្ថែម និងស្វែងយល់ពីសម្ភារថ្មីៗ ដែលសមស្របសម្រាប់បច្ចុប្បន្នភាព ក្នុងការអភិរក្សថ្មនិងជួសជុលប្រាសាទ ក្នុងនោះអ្នកជំនាញអាឡឺម៉ង់ក៏បានពន្យល់ពីបច្ចេកវិទ្យា របៀបប្រើប្រាស់ និងផលប្រយោជន៍នៃសម្ភារៈ រួមទាំងផ្តល់បទពិសោធន៍ការងារ រវាងស្ថាប័នដែលពាក់ព័ន្ធនឹងការជួសជុល ដើម្បីឱ្យដឹងគ្នាទៅវិញទៅមកកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ដែរថា GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការ ជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សក្នុង រមណីយដ្ឋានអង្គរ នាឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ ប្រភេទនៃប្រាសាទខ្មែរ នៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាង សំខាន់លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូប ដោយសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ TH KÖln និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ថ្មីៗកន្លងមកនេះដែរ ស្ថាប័ន GACP ក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តកិច្ចសហការលើការងារ អភិរក្ស ជួសជុលចម្លាក់ទេពអប្សរ នៅរមណីយដ្ឋានអង្គរបន្តទៀត ក្នុងបំណងថែរក្សាគ្រឿងតុបតែងលម្អប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងទៀតនៅកម្ពុជា៕

Related Posts

About The Author

Add Comment

error: Content is protected !!